សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំព្រឹត្តិការណ៍អម “ហ្រ្វង់កូតិច-FrancoTech” ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងកិច្ចការនារី មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងក្រោមការប្រគល់ភារកិច្ចដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ក.ប.ទ. សហការជាមួយក្រសួងកិច្ចការនារី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធនិយោជកនិយាយភាសាបារាំង (APF) និងដៃគូពាក់ព័ន្ធ គ្រោងនឹងរៀបចំព្រឹត្តិការណ៍អម “ហ្រ្វង់កូតិច-FrancoTech” ក្រោមមូលបទ “សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

ព្រឹត្តិការណ៍អម “ហ្រ្វង់កូតិច-FrancoTech” ឆ្នាំ២០២៦ នឹងប្រមូលផ្ដុំដោយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលថ្នាក់ដឹកនាំ អ្នកជំនាញ ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន និងធុរកិច្ចថ្មីមកពីបណ្តាប្រទេសនិយាយភាសាបារាំង ដើម្បីចែករំលែកចំណេះដឹង បទពិសោធ បច្ចេកវិទ្យាថ្មីៗ និងឧត្តមានុវត្តន៍ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិនិយោគ ព្រមទាំងតភ្ជាប់សហគមន៍ហ្វ្រង់កូហ្វូនីនិងអាស៊ាន។ ព្រឹត្តិការណ៍នេះមានកម្មវិធីសំខាន់ៗ ដូចជា៖ ១.ពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ ២.ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល ៣.វេទិកាវិនិយោគ ៤.ការផ្គូផ្គងធុរកិច្ច និង ៥.វេទិកាពិភាក្សា ដែលផ្តោតលើប្រធានបទស្នូលចំនួន ៧ រួមមាន៖ ឱកាសនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI), រដ្ឋាភិបាលឌីជីថល, បច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិយាបន្នហិរញ្ញវត្ថុ, បច្ចេកវិទ្យាកសិកម្មនិងសន្តិសុខស្បៀង, ធុរកិច្ចថ្មីឌីជីថលនិងនវានុវត្តន៍, ស្ត្រីនៅក្នុងនវានុវត្តន៍, និងបច្ចេកវិទ្យាសម្រាប់ទេសចរណ៍និងវប្បធម៌។

ក.ប.ទ. និងក្រសួងកិច្ចការនារី សូមអញ្ជើញក្រសួង-ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យា ប្រតិបត្តិករទូរគមនាគមន៍ និងធុរកិច្ចថ្មីឌីជីថលទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើ ដើម្បីតាំងបង្ហាញថ្នាល សេវាដំណោះស្រាយឌីជីថល និងបច្ចេកវិទ្យាឌីជីថលជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ ក.ប.ទ. និងក្រសួងកិច្ចការនារី សូមអញ្ជើញឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន សិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមព្រឹត្តិការណ៍ខាងលើ ឱ្យបានច្រើនកុះករដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាថ្មីៗ ព្រមទាំងចាប់យកឱកាស និងចំណេះដឹងថ្មីៗយ៉ាងសម្បូរបែប។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីនិងការចុះឈ្មោះចូលរួម សូមចូលទៅកាន់គេហទំព័ររបស់ព្រឹត្តិការណ៍ “ហ្រ្វង់កូតិច-FrancoTech” តាមរយៈតំណភ្ជាប់ https://francotech.gov.kh។