ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​កត្តា​ហានិភ័យ​នៃ​ការមិន​ពាក់មួក​សុវត្ថិភាព​និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង

ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វគ្គ​បណ្តុះបណ្តាល​ស្តីពី កត្តា​ហានិភ័យ​នៃ​ការមិន​ពាក់មួក​សុវត្ថិភាព និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​បាន​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃទី៣០ តុលា ឆ្នាំ២០១៣ នៅ​ទីស្តីការក្រសួង ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

ឯកឧត្តម​លីវ គឹម​ហេង អគ្គនាយក​រដ្ឋបាល​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​លោក​គង់ សុវណ្ណ តំណាង​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សកល​ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់ថា តាម​របាយការណ៍​សក​ល​ឆ្នាំ២០១៣ មាន​មនុស្ស​ប្រមាណ១លាន២សែន៤ម៊ឺ​ន​នាក់​បាន​បន្ត​ស្លាប់​និង​ពី២០ ទៅ៥០លាន​នាក់​ផ្សេងទៀត​រងរបួស​នៅលើ​ដងផ្លូវ​ទូទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ។ មានន័យថា ជា​មធ្យម​មនុស្ស​ប្រមាណ៣ពាន់​នាក់​លើ​ពិភពលោក​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។ ទំហំ​នៃ​ការប៉ះពាល់​គ្រោះថ្នាក់​ចរាចរណ៍​បានធ្វើ​ឲ្យ​ប្រទេស​ដែលមាន​ចំណូល​ទាប​និង​មធ្យម​ខាតបង់​ថវិកា​សរុប​ច្រើនជាង១០០ពាន់​លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ អត្រា​មរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ធៀប​នឹង​ប្រជាជន១០០ពាន់​នាក់​មាន​រហូតដល់​ជាង២០នាក់ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​មាន​ត្រឹមតែ​ជាង៨នាក់​ប៉ុណ្ណោះ។

លោកជំទាវ ដាំ ដា​រ៉ានី រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា មានប្រសាសន៍ថា “ហាម​ហូប​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ​ដើម្បី​កាត់បន្ថយ​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើតមានឡើងជារឿយៗនៅក្នុង​ប្រទេស​របស់​យើង។ វគ្គ​បណ្តុះបណ្តាល​រយៈពេល០២ថ្ងៃ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​សារសំខាន់​នៃ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ជាពិសេស​ត្រូវ​ប្រកាន់​ច្បាប់​ខ្លួនឯង​និង​កុំ​បើកបរ​ដោយ​ឥ​ទ្ធ​ពល​នៃ​គ្រឿង​ស្រវឹង ហើយ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងពេល​បញ្ជា​ទោចក្រយានយន្ត។ ការគោរព​ច្បាប់​ចរាចរណ៍ គឺជា​ការការពារ​អាយុ​ជិវិត​ខ្លួនឯង និង​អ្នកដទៃ។

ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា តាម​របាយការណ៍​ឆ្នាំ២០១២របស់​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា បាន​ថយចុះ០២ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ស្របគ្នា​នឹង​និន្នាការ​កើនឡើង​នៃ​អ្នកស្លាប់​លក្ខណៈ​ជា​សមូហភាព​ដែល​បង្កឡើង​ដោយសារ​ការបើកបរ​ក្នុង​ល្បឿន​ហួសកំណត់​និង​ការបើកបរ​ក្រោម​ឥ​ទ្ធ​ពល​គ្រឿង​ស្រវឹង​ជាដើម។ របាយការណ៍​បានលើកឡើង​ផងដែរ​ថា ចំនួន​អ្នករងគ្រោះ​មាន ចំនួន១៥៦១៥នាក់ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន១៩៦៦នាក់​និង​អ្នករងរបួស​ធ្ងន់​ចំនួន១៥នាក់​ក្នុង​មួយថ្ងៃ។

ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍​ទៀតថា វគ្គ​បណ្តុះបណ្តាល​ដ៏​មាន​សារសំខាន់​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​សុវត្ថិភាព​ចរាចរណ៍​ជូន​មន្ត្រីរាជការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជាពិសេស យុវជន​ក្រសួង​ដោយ​ផ្តោតលើ​កត្តា​ហានិភ័យ​ចំនួន០២គឺ ការមិន​ពាក់មួក​សុវត្ថិភាព និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង៕

 

អត្ថបទជាប់ទាក់ទង