សិក្ខាសាលាពិគ្រោះយោបល់ដើម្បីរៀបចំយន្តការធ្វើការស្រាវជ្រាវរួមគ្នាលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT)
ព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និង ការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ-R&D) អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីរៀបចំយន្តការធ្វើការស្រាវជ្រាវរួមគ្នាលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT)។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំដែលទទួលបន្ទុកកិច្ចការស្រាវជ្រាវ និងតំណាងអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យរដ្ឋធំៗដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិNIPTICT សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ព្រមទាំងលេខាធិការដ្ឋានមូលនិធិ ស.អ សរុបប្រមាណ ៥០នាក់។
សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងដើម្បីផ្ដល់ឱកាសដល់គ្រឹះស្ថានអប់រំឧត្ដមសិក្សារដ្ឋដែលធ្វើការលើវិស័យផ្សេងៗគ្នាអាចជួបពិភាក្សា និងសហការគ្នាអនុវត្តគម្រោងស្រាវជ្រាវឲ្យកាន់តែល្អប្រសើរជាងមុនតាមរយៈការប្រើប្រាស់ ICT ស្របតាមនិន្នាការពិភពលោក ជាពិសេសការមកដល់នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដោយផ្ដោតលើគោលបំណងសំខាន់ ០៣គឺ៖
១).ចែករំលែកបទពិសោធន៍របស់សាកលវិទ្យាល័យនីមួយៗទាក់ទងនឹងការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
២).ពិភាក្សាលើប្រធានបទស្រាវជ្រាវរវាងសាកលវិទ្យាល័យក្នុងគោលដៅសហការជំរុញការស្រាវជ្រាវលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ឱ្យកាន់តែប្រសើរឡើង
៣).ពិភាក្សាលើយន្តការនៃការប្រើប្រាស់មូលនិធិស.អ-R&D ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការជួយដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ៕