ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ប.ទ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ICT វេទិកា Smart Nation Summit និង កម្មវិធី The Strait Digital Exchange នៅសាធារណរដ្ឋសឹង្ហបុរី
សឹង្ហបុរី៖ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ប.ទ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (APT ICT Ministerial Meeting) វេទិកា Smart Nation Summit និង កម្មវិធី The Strait Digital Exchange ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅសាធារណរដ្ឋសឹង្ហបុរី។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ត្រូវបានចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ននៃបណ្តាប្រទេសដែលជាសមាជិកទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) អង្គការអន្តរជាតិ និងវិស័យឯកជនផងដែរ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលនូវទស្សនវិស័យនានាពីបណ្តាថ្នាក់ដឹកនាំប្រទេសជាសមាជិក APT ក្នុងការប្តេជ្ញាចិត្ត និងកំណត់ចក្ខុវិស័យរួមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ទិដ្ឋភាពនៃការរីកចម្រើននៃវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ កិច្ចប្រជុំក៏បានតាមដានវឌ្ឍនភាពការងារ ដែលកំណត់ដោយសេចក្តីថ្លែងការណ៍ប្រុយណេដារុយសាឡឹម (2014) និងបានអនុម័តសេចក្តីថ្លែងការណ៍សិង្ហបុរី (2019) ដែលទាក់ទងនឹងគោលដៅយុទ្ធសាស្ត្រថ្មីចំនួន៥ រួមមាន៖
១) បម្រែបម្រួលនៃឌីជីថល (Digital Transformation)
២) ការបង្កើតថ្មី និងនវានុវត្តន៍ឌីជីថល (Digital Innovation and Creativity)
៣) សហគមន៍ឌីជីថល (Digital Community)
៤) ទំនុកចិត្តឌីជីថល (Digital Trust) និង
៥) ការកសាងសមត្ថភាព និងភាពជាដៃគូឌីជីថល (Digital Capacity Building and Partnerships) សម្រាប់ពន្លឿនល្បឿននៃសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។
គណ:ប្រតិភូកម្ពុជា បានចូលរួមកម្មវិធី Smart Nation Innovations Week ដែលរៀបចំដោយប្រទេសសិង្ហបុរី។ នៅក្នុងកម្មវិធីនោះ គណ:ប្រតិភូកម្ពុជា បានចូលរួមក្នុងវេទិកា Smart Nation Summit និងStraits Digital Exchange ដែលមានការចូលរួមជាវាគ្មិនកិត្តិយសដោយនាយករដ្ឋមន្ត្រីសិង្ហបុរី រដ្ឋមន្ត្រីនៃប្រទេសនានា អ្នកជំនាញ ធុរជននៃក្រុមហ៊ុនល្បីៗ ក្នុងការចូលរួមកិច្ចសន្ទនាដើម្បីបែងចែកទស្សន: និងបទពិសោធលើផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋ ក៏ដូចជាឯកជន និងកិច្ចសហប្រតិបត្តិការគ្នាដើម្បីជម្រុញល្បឿនក្នុងការផ្លាស់ប្តូរទៅកាន់ឌីជីថល។ ជាមួយគ្នានេះក៏មានការតាំងពិព័រណ៍អំពីបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានថ្មីៗ ដែលដាក់បង្ហាញដោយក្រុមហ៊ុនប្រមាណ ៣៥០ក្រុមហ៊ុនផងដែរ។
នៅក្នុងដំណើរបេសកកម្មនេះដែរ គណ:ប្រតិភូកម្ពុជាក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយលេខាប្រតិបត្តិនៃគណ:កម្មាធិការ UNESCAP នៃអង្គការសហប្រជាជាតិ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិគ្នារវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណ:កម្មាធិការ UNESCAP ក្នុងការបែងចែកបទពិសោធន៍ និងព័ត៌មាន ដើម្បីអភិវឌ្ឍវិស័យទូរគមនាគមន៍ និង ICT និងចូលរួមពីវិស័យនេះ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព របស់អង្គការសហប្រជាជាតិ៕