ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ទទួល​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​ទី ៩ នៃ​រដ្ឋសភា

             នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ វេលា​ម៉ោង ០៨:៣០នាទី​ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អមដោយ​ឯកឧត្តម និង​លោកជំទាវ​ជា​ថ្នាក់ដឹកនាំ​ក្រសួង បានទទួល​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគ​រួប​នីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ឬ​ហៅ​កាត់​ថា គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោកជំទាវ និ​ន សា​ផុន ប្រធាន     គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា។

            លោកជំទាវ និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា មានប្រសាសន៍ថា គោលបំណង​នៃ​ការ​មកជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​នាពេលនេះ​គឺ ដើម្បី​ស្វែងយល់​អំពី​លទ្ធផល​ការងារ​ដែល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សម្រេច​បាន​នាពេល​កន្លងមក, បញ្ហា​ប្រឈម​ដែល​ក្រសួង​បាន​ជួបប្រទះ, ដំណោះស្រាយ, និង​ទិសដៅ​ការងារ​ទៅ​ថ្ងៃ​អនាគត។

            ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​លោកជំទាវ និ​ន សា​ផុន និង​គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា​ដែលមាន​វត្តមាន​ក្នុងជំនួប​នេះ​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​អនុវត្តតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៥ ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពប្រាកដនិយម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេស​គឺ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​យ៉ាងច្រើន ដូចជា រៀបចំ​កែសម្រួល​រចនាសម្ព័ន្ធ បែងចែក​តួនាទី​ភារកិច្ច​សម្រាប់​ក្រសួង និង​អង្គភាព​ស្វយ័ត រួមមាន ប្រៃសណីយ៍​កម្ពុជា ទូរគមនាគមន៍​កម្ពុ​ជា និង​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា, ធ្វើ​សមាហរណកម្ម​អតីត NiDA ឲ្យ​ក្លាយជា​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន(ICT) ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង, បង្កើត​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គម​នា​គន៍ និង​ព័ត៌មាន ដើម្បី​កសាង និង​អភិវឌ្ឍ​ធនធានមនុស្ស, បង្កើត​ក្រុមការងារផ្សេងៗ ដើម្បី​ជម្រុញ​ការដ្ឋាន​កំណែទម្រង់​របស់​ក្រសួង​ឲ្យ​ដើរទៅ​មុខ​យ៉ាង​ឆាប់រហ័ស, បង្កើន​ចំណូល​ជូន​ជាតិ​តាមរយៈ​ការទារ​បំណុល, កែលម្អ​ជីវភាព និង​កន្លែងធ្វើការ​ជូន​មន្ត្រីរាជការ​ឲ្យ​មាន​ភាពសមរម្យ និង​មាន​របៀបរៀបរយ ដោយ​រៀបចំ​តម្លើង​កាំ​ប្រាក់បៀវត្ស​ទៅតាម​ច្បាប់ និង​ជូន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ក្នុងឱកាស​បុណ្យជាតិសំខាន់ៗ តាម​គោល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ប្រកបដោយ​តម្លាភាព ដែល​ទទួលបាន​នូវ​ការគាំទ្រ​ពី​មន្ត្រី​ភាគច្រើន។ សម្រាប់​ទិសដៅ​ទៅ​ថ្ងៃ​ខាងមុខ​គឺ ក្រសួង​បានដាក់​ចេញ​នូវ​ផែនការ​ដើម្បី​ដោះស្រាយ​ការលំបាក និង​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា​ដែល​បាន​ជួបប្រទះ​នាពេល​កន្លងមក ហើយ​ខិតខំ​អភិវឌ្ឍ​ធនធានមនុស្ស, កៀគរ​រក​ចំណូល​ជូន​ជាតិ​បន្ថែមទៀត, និង​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ជាដើម។

              ជាទី​បញ្ចប់ លោកជំទាវ និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា បាន​ថ្លែង​កោតសរសើរ​ចំពោះ​របាយការណ៍​ដ៏​ល្អិតល្អន់ និង​ការឆ្លើយបំភ្លឺ​យ៉ាង​ក្បោះក្បាយ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន ព្រមទាំង​សូម​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សម្រេច​បាន។ ជាពិសេស​គឺ លោកជំទាវ​ចាប់អារម្មណ៍​ខ្លាំង​លើ​ការធ្វើកំណែទម្រង់​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការបង្កើត​វិទ្យា​សា្ថ​ន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គម​នា​គន៍ និង​ព័ត៌មាន និង​ការចាត់វិធានការ​ទារ​បំណុល​រហូត​អាច​បង្កើន​ចំណូល​ជូន​ជាតិ​ក្នុង​ឆ្នាំ២០១៤ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៣កន្លងទៅ។ លោកជំទាវ​ប្រធាន​គណៈ​កម្ម​ការ​ទី៩ នៃ​រដ្ឋសភា បាន​ថ្លែង​សង្កត់ធ្ងន់ថា សមិទ្ធផល​ទាំងឡាយ​ដែល​បានលើកឡើង គឺ​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាននិងកំពុង​អនុវត្ត​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៥ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យ៉ាងពិត​ប្រាកដ​មែន។ លោកជំទាវ​នឹង​ពាំ​នាំនូវ​ស្នាដៃ​ដ៏​ត្រចះត្រចង់​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ទាំងនេះ ទៅ​ជម្រាបជូន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​បាន​ជ្រាប៕

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី