ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពី ដំណោះស្រាយនៃភាពស្មុគស្មាញនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅក្នុងយុគសម័យនៃការតភ្ជាប់
រាជធានីភ្នំពេញ : ព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែ កុម្ភ: ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ដំណោះស្រាយនៃភាពស្មុគស្មាញនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅក្នុងយុគសម័យនៃការតភ្ជាប់ (Tame the Complexity of Cybersecurity in the Connected Age) ។ សិក្ខាសាលានេះត្រូវបានរៀបចំដោយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍និងទូរគនាគមន៍ ដោយមានការចូលរួមពីសិក្ខាកាមដែលជាតំណាងមកពីក្រសួង-ស្ថាប័ន រាជរដ្ឋាភិបាល វិស័យឯកជន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហគ្រាសមីក្រូ ធនតូច និងមធ្យម និងគ្រឹះស្ថានឧត្តមសិក្សា សរុបប្រមាណជា ១៣៥នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពទៅដល់មន្រ្តី និងបុគ្គលពាក់ព័ន្ធផ្នែកសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Cybersecurity) ដើម្បីយល់ដឹងអំពីបច្ចេកទេសថ្មីៗ ក្នុងការឆ្លើយតបទៅនឹងហានិភ័យនានាដែលអាចកើតមានឡើងក្នុងប្រព័ន្ធអុីនធឺណិត។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់នូវការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ក៏ដូចជាការទីផ្សារ និងសេដ្ឋកិច្ចនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ សេដ្ឋកិច្ចឌីជីថល គឺជាវិស័យមួយដ៏ចំបងសម្រាប់កម្ពុជា និងអាស៊ានទាំងមូល ហើយតាមការស្រាវជ្រាវថ្មីៗនេះបានបង្ហាញឱ្យយើងឃើញថា ទំហំសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ានត្រូវបានរំពឹងថាកើនឡើងដល់ ២០០ប៊ីលានដុល្លាក្នុងរង្វង់ពេល១០ឆ្នាំខាងមុខនេះ ដែលនៅក្នុងនោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកមានទំហំទឹកប្រាក់ប្រមាណជា ៨៨ប៊ីលានដុល្លារ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមទៀតថា ក្នុងខណៈពេលដែលវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បាននាំមកនូវឱកាសថ្មីៗជាច្រើន វាក៏បើកចំហនូវភាពងាយរងគ្រោះជាច្រើន ដល់យើងទាំងអស់គ្នាផងដែរ។ ជាសកល ការគំរាមគំហែងតាមប្រព័ន្ធអុីនធឺណិត និងការវាយប្រហារគឺកាន់តែមានភាពស្មុគស្មាញឡើងៗ ហើយផលប៉ះពាល់ក៏មានទំហំធំធេងផងដែរ។ នៅព្រះរាជាណាចក្រកម្ពុជាយើង ក៏អាចនឹងទទួលរងពីការគំរាមកំហែងនោះដែរ។ លើសពីនេះទៅទៀត បណ្តាញអុីនធឺណិតរបស់រដ្ឋាភិបាលទទួលរងការវាយប្រហារជាមួយនឹងមេរោគ ការជ្រៀតចូលលួចទិន្នន័យ និងការកែប្រែព័ត៌មាននៅក្នុងវេបសាយជាដើម។ ក្នុងនោះផងដែរ យើងក៏ធ្លាប់ទទួលរងគ្រោះដោយការវាយប្រហារក្នុងទម្រង់ DDoS ដែលធ្វើឱ្យប្រព័ន្ធអុីនធឺណិតនៅកម្ពុជាមានភាពរអាក់រអួលមិនដំណើរការ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា កម្ពុជាត្រូវការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីត្រៀមខ្លួនក្នុងការធ្វើដំណើរទៅកាន់សេដ្ឋកិច្ចឌីជីថលនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹម និងជឿជាក់ថា សិក្ខាសាលានៅថ្ងៃនេះនឹងចូលរួមចំណែកជាមួយនឹងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវគោលដៅ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាលអណត្តិទី៦ នៃរដ្ឋសភា នៅក្នុងចតុកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ច ត្រង់មុំទី៣ បានកំណត់ថា “ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និង ឆ្លើយតបនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤”៕