ឯកឧត្តមរដ្ឋមន្ត្រី ចូលរួមវេទិកា ថ្នាក់រដ្ឋមន្ត្រីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅប្រទេសសិង្ហបុរី      

នៅថ្ងៃទី០២ ខែមិថុនា​ ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ដឹកនាំ​គណៈប្រតិភូកម្ពុជា ចូលរួមពិព័រណ៍ និងវេទិកាផ្លាស់ប្តូរធុរកិច្ចពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ ទូរគមនាគមន៍​និង​​​​បច្ចេក វិទ្យា​គមនាគមន៍ និងព័ត៌មាន រៀបចំដោយ​អាជ្ញាធរអភិវឌ្ឍគមនាគមន៍ និងព័ត៌មាន (Infocomm Development Authority-IDA) និងវេទិកាថ្នាក់រដ្ឋមន្រ្តីស្តីពីបច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានដែលត្រូវបានរៀបចំនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ ដោយក្រសួងគមនាគមន៍ និង​ព័ត៌មាន​សិង្ហបុរី។

វេទិកាថ្នាក់រដ្ឋមន្រ្តីឆ្នាំ២០១៥ ត្រូវបានប្រកាសបើកដោយឯកឧត្តមបណ្ឌិត Yaacob IBRAHIM រដ្ឋមន្រ្តីក្រសួង​គមនាគមន៍ និងព័ត៌មានសិង្ហបុរី​ និងមានការអញ្ចើញចូលរួមដោយឯកឧត្តមបណ្ឌិត Houlin ZHAO អគ្គលេខាធិការ​សហភាព​ទូរគមនាគមន៍អន្តរជាតិ ព្រមទាំង​រដ្ឋមន្រ្តី/តំណាងរដ្ឋមន្រ្តីចំនួន ២០រូប មកពីទ្វីបអាស៊ី អឺរ៉ុបខាងកើត មជ្ឈឹម​បូព៌ា និងអាហ្រី្វក និង​វាគ្មិន​មួយ​ចំនួន​មកពីស្ថាប័នសាធារណៈ សាកលវិទ្យាល័យ និងវិស័យឯកជន។ ប្រធានបទនៃ​វេទិកា​នេះ​ គឺ “ប្រជាជាតិឆ្លាតវៃ” ។

វេទិកានេះមានកិច្ចពិភាក្សាចំនួនបីវគ្គ ក្រោមប្រធានបទ៖ (១)-នវានុវត្តន៍សម្រាប់ប្រជាជាតិឆ្លាតវៃ (២)-​តួនាទី របស់រដ្ឋាភិបាលនៅ​​ក្នុងប្រជាជាតិឆ្លាតវៃ និង(៣)-កិច្ចពិគ្រោះយោបល់ជាន់ខ្ពស់ស្តីពីប្រជាជាតិឆ្លាតវៃ និង​ត្រូវ​បាន​អមដោយ​កិច្ច​ពិភា​ក្សា​​​នាពិធីពិសាអាហារថ្ងៃត្រង់មួយ ដែលត្រូវ​បានរៀបចំ​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum, WEF)។

         វគ្គទី១. កិច្ចប្រជុំបានពិភាក្សាអំពីលក្ខណៈគន្លឹះសំខាន់ៗនៃប្រព័ន្ធអេកូបច្ចេកវិទ្យា​ដែលជំរុញនវានុវត្តន៍​នៅក្នុង​ការ​អភិវឌ្ឍប្រជាជាតិ ឬទីក្រុងឆ្លាតវៃ បញ្ហាប្រឈម កត្តា​ដែល​នាំ​មក​នូវភាព​ជោគជ័យ ជាពិសេសធនធានមនុស្សឆ្លាតវៃ និង​ការជំរុញឲ្យមាន​ការចូលរួម​របស់​ប្រជាពលរដ្ឋ និងតួអង្គដែល​ពាក់ព័ន្ធ ដើម្បីអភិវឌ្ឍប្រជាជាតិ ឬទីក្រុងឆ្លាតវៃ។  

         វគ្គទី២. កិច្ចប្រជុំបានពិភាក្សាអំពីតួនាទីរបស់រដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយ និងនិយ័តកម្ម សម្រាប់​ការអភិវឌ្ឍប្រជាជាតិ ឬទីក្រុងឆ្លាតវៃ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បង្កើត​កាលានុវត្តន៍​សម្រាប់​ធុរកិច្ច​តូច​ធំគ្រប់ប្រភេទ និងការផ្តល់សេវាសាធារណៈ​ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

          នាពិធីពិសារអាហារថ្ងៃត្រង់ កិច្ចប្រជុំត្រូវបានរៀបចំសម្រាប់តួអង្គសាធារណៈ និងឯកជនធ្វើការទំនាក់ទំនងគ្នា និង​​ផ្លាស់ប្តូរ​យោបល់អំពីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងអភិបាលកិច្ចប្រព័ន្ធអ៊ីនធឺណេត។

         វគ្គទី៣. កិច្ចប្រជុំរវាងតួអង្គសាធារណៈ និងឯកជន ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តន៍ក្នុងការ​អភិវឌ្ឍប្រជាជាតិ ឬទីក្រុងឆ្លាតវៃ ការបង្កើនល្បឿនក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាន និង​កត្តា​គន្លឹះ​  សំខាន់ៗ ដើម្បីជំរុញឲ្យមានភាពជោគជ័យក្នុង​កិច្ច​​សហប្រតិបត្តិការ និងភាពជាដៃគូ ​រវាង​វិស័យ​សាធារណៈ និងឯកជន។

          ឆ្លៀតក្នុងឱកាសវេទិកានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត Houlin ZHAO ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍន៍ និងសហប្រតិបត្តិការផ្នែកទូរគមនាគមន៍ ព្រមទាំងការរៀបចំសកម្មភាពមួយចំនួន ដើម្បីអបអរសាទរខួប ១៥០ ឆ្នាំ នៅឆ្នាំនេះរបស់សហភាពទូរគមនាគមន៍អន្តរជាតិ(​International Telecommunication Union-ITU)៕ 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍