កិច្ចប្រជុំអំពីការងារបច្ចេកទេសសិក្សាស្រាវជ្រាវអំពីយន្តការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជាតិចុះបញ្ជីអុីនធឺណិត
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំអំពីការងារបច្ចេកទេសសិក្សាស្រាវជ្រាវអំពីយន្តការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជាតិចុះបញ្ជីអុីនធឺណិត(KHNIC) ដោយមានការអញ្ជើញចូលរួមពីសមាជិកនៃក្រុមការងារផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំបានពិភាក្សាអំពីយន្តការនៃនីតិវិធីសម្រាប់ការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជាតិចុះបញ្ជីអុីនធឺណិត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីទទួលបានបទពិសោធន៍នានាក្នុងការបង្កើតមជ្ឈមណ្ឌល KHNIC ជាលទ្ធផលពិនិត្យឃើញថា យន្តការការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជាតិចុះបញ្ជីអុីនធឺណិត មានអង្គការ Internet Corporation for Assigned Names and Numbers – ICANN និង Internet Assigned Numbers Authority – IANA បានប្រើប្រាស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក៏មានប្រទេសវៀតណាម ប្រទេសថៃ ជាដើម ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ដើម្បីបង្កើត KHNIC គឺត្រូវការពេលវេលាយូរ និង ត្រូវទាមទារឱ្យមានការសិក្សាស្រាជ្រាវបន្ថែមទៀត ដោយបច្ចុប្បន្នការបង្កើត NIC នៅប្រទេសវៀតណាម គឺគេមានរៀបចំជាអគ្គនាយកដ្ឋានដើម្បីគ្រប់គ្រង។ ចំពោះការងារ ccTLD ជាការធ្វើស្វ័យប្រវត្តិកម្ម ហើយបច្ចុប្បន្ននីតិវិធីនៃ ការចុះឈ្មោះ Domain Name គឺអ្នកប្រើប្រាស់ត្រូវធ្វើនៅនិយ័តករទូរគមនាគមន៍កម្ពុជា ក្នុងរយៈពេល១០ថ្ងៃ យោងតាម ប្រកាសរបស់ និយ័តករទូរគមនាគមន៍កម្ពុជា ហើយការងារបច្ចេកទេស គឺខាងទូរគមនាគមន៍កម្ពុជាជាអ្នកអនុវត្ត។ ការរៀបចំ KHNIC ត្រូវធ្វើ ជាពីរផ្នែកគឺផ្នែកទី១ ការចុះឈ្មោះ និងផ្នែកទី២ គឺពាក់ព័ន្ធនឹងការងារគ្រប់គ្រង IP Address ត្រូវប្រើរយៈពេលយូរ ដោយ KHNIC យើងអាចធ្វើការសិក្សាពីប្រទេសថៃ ប្រទេសវៀតណាម និងបណ្តាប្រទេសផ្សេងៗទៀតដែលស្ថិតនៅជុំវិញប្រទេសយើងដើម្បីឱ្យដំណើរការចុះឈ្មោះបានលឿន និងឆាប់រហ័សដោយប្រើប្រព័ន្ធចុះបញ្ជីតាមអុីនធឺណិត៕
-រូបថត និងអត្ថបទដោយ ពត សែមតារារដ្ឋ
-បកប្រែទៅជាភាសាអង់គ្លេសដោយ ថន សុធារិន