អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជនយុវនារីកម្ពុជា
បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ Techo Digital Talent Scholarship” ចំនួន ១០០ កន្លែង ដែលមានតម្លៃ ១៧.០០០ ដុល្លារ ក្នុងនិស្សិតម្នាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) មក បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់យុវជនយុវនារីយើងមកលើកម្មវិធីអាហារូបករណ៍នេះ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីថលកម្ពុជាទទួលបានបេក្ខជន ដាក់ពាក្យសរុបចំនួនរហូតដល់ ២.២០៧នាក់ ក្នុងនោះមានបេក្ខនារីចំនួន ៨៣៤ នាក់។
បេក្ខជនជ័យលាភី “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ម្នាក់ៗនឹងទទួលបានអាហារូបករណ៍ដែលមានតម្លៃសរុបប្រមាណ ១៧.០០០ ដុល្លារ សម្រាប់ការសិក្សា ៤ឆ្នាំ ក្នុងនោះមានប្រាក់ឧបត្ថម្ភ ១២០ដុល្លារ ក្នុងមួយខែ ព្រមទាំងផ្តល់កុំព្យូទ័រយួរដៃ មួយគ្រឿងសម្រាប់ការសិក្សាផងដែរ។ អាហារូបករណ៍នេះនឹងផ្តល់ជូនដល់និស្សិតឆ្នើមដើម្បីមកសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ដែលជាគ្រឹះស្ថានអប់រំស្រាវជ្រាវរដ្ឋឈានមុខគេក្នុងការបណ្តុះបណ្តាល ជំនាញបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា លើជំនាញបរិញ្ញាបត្រ (១) ទូរគមនាគមន៍និងបណ្ដាញ Telecoms & Networking (២) វិទ្យាសាស្ត្រកុំព្យូទ័រ Computer Science និង (៣) ពាណិជ្ជកម្មអេឡិចត្រូនិក e-Commerce ។
នេះគឺជាលើកទី១ហើយនៅកម្ពុជា ដែលគ្រឹះស្ថានអប់រំស្រាវជ្រាវសាធារណៈបានផ្តល់នូវអាហារូបករណ៍ដ៏ពិសេសមួយក្នុងបំណងលើកស្ទួយធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ក្រោមការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីលើកទឹកចិត្តដល់យុវជនយុវនារីឆ្នើមកម្ពុជាឲ្យសិក្សាជំនាញឌីជីថលហើយក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះនាពេលអនាគត ក្នុងខណៈដែលប្រទេសយើងកំពុងតែកសាងខឿនសេដ្ឋកិច្ចឌីជីថល និងឈានទៅអភិវឌ្ឍឧស្សាហកម្មជំនាន់ទី៤។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវដល់ក្មួយៗ សិស្សានុសិស្សដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផ្នែកវិទ្យាសាស្ត្រ ដែលមានបំណងសិក្សាជំនាញបច្ចេកវិទ្យា តែមិនទាន់បានដាក់ពាក្យប្រឡង សូមរួសរាន់មកដាក់ពាក្យនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (អតីតវិទ្យាស្ថានជាតិ NIPTICT) ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២១។
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាស្ថាប័នឧត្តមសិក្សាមួយដែលមានកម្មវិធីសិក្សានិងវិធីសាស្រ្តបង្រៀនយ៉ាងសម្បូរបែប ដោយមានបញ្ចូលជំនាញបច្ចេកទេស (Technical Skill) ជំនាញទុន (Soft Skill) សហគ្រិនភាព (Entrepreneurship) ភាពជាអ្នកដឹកនាំ(Leadership) និងថែមទាំងមានដាក់បញ្ចូលនូវកម្មសិក្សាចំនួនពីរដងនៅក្រុមហ៊ុន ដើម្បីឱ្យនិស្សិតរបស់យើងចាប់បាននូវចំណេះដឹង ចំណេះធ្វើ និងជំនាញយ៉ាងពិតប្រាកដ ក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យបច្ចេកវិទ្យាឌីជីថលស្របតាមបំណងប្រាថ្នារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលចង់បានធនធានមនុស្សដ៏ឆ្នើមដើម្បីចូលរួមកសាងប្រទេសជាតិ។
បេក្ខជនដែលមានបំណងសុំអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សូមចុះឈ្មោះប្រឡងប្រជែងតាមរយៈគេហទំព័រ www.niptict.edu.kh/apply ។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងបណ្ឌិត្យសភាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) តាមទូរស័ព្ទលេខ 010 340000 ឬអ៊ីម៉ែល info@niptict.edu.kh ។