ញត្តិថ្កោលទោស
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត លើព្រះចេស្តា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរទូទាំងនគរ ថា “មិនមានមនសិការជាតិ” និង “ក្បត់ជាតិ“ ។
ការប្រមាថរបស់ ជនក្បត់ ជាតិ ៣ជំនាន់ សម រង្ស៊ី ខាងលើនេះចំពោះអង្គ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា “ក្បត់ជាតិ” គឺ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គ ព្រះមហាក្សត្រ និង អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំពោះប្រជាជាតិខ្មែរទាំងមូល។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ព្រមទាំងបក្សពួក ដែលហ៊ានប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលប្រជារាស្ត្រខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។
យើងខ្ញុំទាំងអស់គ្នា ជាប្រជានុរាស្ត្រខ្មែរគ្រប់រូប សូមប្ដេជ្ញា និងប្រកាសជាឱឡារិកថា នឹងបន្តគោរពគាំទ្រនិងដង្ហែតាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំទាំងអស់គ្នាដែលជាប្រជានុរាស្ត្រខ្មែរ។