សេចក្តីជូនដំណឹង ស្តីពីការអំពាវនាវឱ្យចូលរួមប្រើប្រាស់កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក.ប.ទ. បានដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ”។ ទន្ទឹមនឹងនេះ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។

កម្មវិធី MPTC Speed Test នេះ មានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លើសពីនេះទៀត ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចរាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីមែល qos@trc.gov.kh ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ។

ក.ប.ទ. សូមអំពាវនាវជាថ្មីម្ដងទៀត ដល់សាធារណជនទាំងអស់ចូលរួមទាញយក (Download) កម្មវិធីនេះមកប្រើប្រាស់ដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ ដោយគ្រាន់តែវាយពាក្យ “MPTC Speed Test” លើ App Store និង Play Store ឬ ស្កេន QR Code ខាងក្រោម ជាការស្រេច។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាប និងសូមបណ្តាញសារព័ត៌មានមេត្តាជួយផ្សព្វផ្សាយអំពីកម្មវិធីនេះឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។

ដើម្បីទាញយក សូមចូលតំណភ្ជាប់ខាងក្រោម៖

សម្រាប់ Android: ទាញយក

សម្រាប់ iOS: ទាញយក

អត្ថបទជាប់ទាក់ទង

  • សេចក្តីជូនដំណឹងស្ដីពី លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល​ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

  • សេចក្តីជូនដំណឹង ស្តីពី ការដាក់ដំណើរការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដល់សាធារណជន ដោយឥតគិតថ្លៃ

  • សេចក្តីជូនដំណឹង ស្តីពី “វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤”