លិខិតអបអរសាទរ ជូនចំពោះ សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤
ខ្ញុំសូមចូលរួមអបអរសាទរដល់ក្មួយៗជាសិស្សានុសិស្សថ្នាក់ទី១២ ដែលទើបបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤ នេះដែលជាមោទនភាពសម្រាប់ខ្លួននិងក្រុមគ្រួសារ។ ទន្ទឹមនឹងនេះ ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរឱ្យខិតខំរៀនសូត្របន្ថែមទៀតដើម្បីប្រឡងជាប់នៅឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈដើម្បីបន្តអភិវឌ្ឍន៍ចំណេះដឹង និងជំនាញសម្រាប់កសាងអនាគតភ្លឺស្វាង។
ក្នុងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមអំពាវនាវដល់ក្មួយៗទាំងអស់ពិចារណាចាប់យកការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថលនិងជំនាញដទៃទៀតពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីអាចពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ ជាពិសេសចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាពគន្លឹះទី៥ បន្ទាប់ពី “មនុស្ស ផ្លូវ ទឹក ភ្លើង”។ ដើម្បីមានធនធានមនុស្សឆ្នើមកាន់តែច្រើន ក្នុងឆ្នាំសិក្សាថ្មីនេះកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បន្តផ្តល់អាហារូបករណ៍រហូតដល់ ៥០០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល។ សូមក្មួយៗចូលតាមតំណរភ្ជាប់ https://t.me/mptcgovkh/6292 ដើម្បីទទួលបានព័ត៌មានលម្អិតអំពីអាហារូបករណ៍នេះ។
ខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងជ្រើសរើសជំនាញខាងលើ ហើយខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍន៍ចំណេះដឹងនិងជំនាញរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។