អត្ថន័យប្រទីបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បង្ហាញអំពី “ការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលកម្ពុជា” ឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល ក្នុងការរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច និងសង្គម
អត្ថន័យប្រទីបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បង្ហាញអំពី “ការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលកម្ពុជា” ឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល ក្នុងការរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច និងសង្គម ដែលរូបនីមួយៗមានខ្លឹមសារដូចតទៅ៖
១. នាគរាជ គឺស្តេចសត្វទីឃជាតិ តំណាងឱ្យវប្បធម៌ប្រពៃណី ទំនៀមទំលាប់ខ្មែរ ដែលបន្តតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ព្រមទាំងតំណាងឱ្យធាតុទឹកដែលជាប្រភពនៃការរស់រានមានជីវិត និងភាពសុខុដុមរមនារបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
២. ផែនទីព្រះរាជាណាចក្រកម្ពុជាបង្កប់ដោយបណ្តាញខ្សែកាបអុបទិកតភ្ជាប់ពេញផ្ទៃផែនទី តំណាងឱ្យការតភ្ជាប់បណ្តាញទូរគមនាគមន៍នៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេសត្រឹមឆ្នាំ២០២៧ ដើម្បីផ្តល់ជូន សេវាទូរគមនាគមន៍ និងអ៊ីនធឺណិតល្បឿនលឿនដល់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។
៣. រូបសញ្ញាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងឱ្យស្ថាប័នដឹកនាំលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំការងារបរិវត្តកម្មឌីជីថលនៅកម្ពុជា។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងបានដឹកនាំវិស័យទាំងនេះទទួលបានជោគជ័យ និងសមិទ្ធផលជាច្រើន ព្រមទាំងកំពុងបន្តអភិវឌ្ឍវិស័យទាំងនេះឱ្យកាន់តែប្រសើរ។
៤. រូបសញ្ញាថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល VERIFY.GOV.KH ដែលជាថ្នាលបង្កើតឡើងសម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារផ្លូវការដែលចេញដោយស្ថាប័នរដ្ឋ ឬឯកជន បានដោយមិនតម្រូវឱ្យមានឯកសារច្បាប់ដើម ឬការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ថ្នាលនេះក៏បានឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំបង្កើតដំណោះស្រាយឌីជីថលរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដោយមានការទទួលស្គាល់ទាំងក្នុងប្រទេស និងកម្រិតអន្តរជាតិផងដែរ។
៥. រូបសញ្ញាកម្មវិធីអភិវឌ្ឍជំនាញឌីជីថល និងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដែលជាមជ្ឈមណ្ឌលបង្កើតឡើងនៅតាមវិទ្យាល័យសាធារណៈ ក្នុងគោលបំណងជំរុញការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលនៅទូទាំងប្រទេស។
៦. រូបសញ្ញាផ្សេងៗក្នុងផែនទី តំណាងឱ្យកម្មវិធី ផលិតផល សេវាកម្ម និងគំនិតផ្តួចផ្តើមថ្មីៗរបស់ក្រសួង រួមមាន ថ្នាលនិងសេវាថ្មីដូចជា សារិកា, នាំសារ, ថ្នាលបង្កើត QR Code, សហគមន៍ឌីជីថលកម្ពុជា, កម្មវិធីវាស់ល្បឿនអ៊ីធឺណិត MPTC Speed Test, កម្មវិធីកម្ពុជាឆ្ពោះទៅឌីជីថល និងសេវាបញ្ញើឆាប់រហ័ស EMS ជាដើម។
៧. រូបបង្គោលអង់តែនទូរសព្ទចល័ត ផ្កាយរណប និងផ្ទះមាន WiFi តំណាងឱ្យការរីកលូតលាស់នៃការផ្តល់សេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត ប្រកបដោយគុណភាព សម្រាប់ការទំនាក់ទំនងប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងបង្ហាញអំពីការតភ្ជាប់ទៅវិញទៅមករវាងកម្ពុជា និងបណ្តាប្រទេសនានាក្នុងពិភពលោក។
៨. រូបទូរសព្ទ កុំព្យូទ័រ និងមនុស្សយន្ត តំណាងឱ្យការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍បច្ចេកវិទ្យាឆ្លាតវៃដែលជាមធ្យោបាយក្នុងការសម្រួលដល់ការទំនាក់ទំនង និងការបំពេញការងារប្រចាំថ្ងៃ កាន់តែមានប្រសិទ្ធភាព ទំនើប ឆាប់រហ័ស និងមានភាពច្នៃប្រឌិតខ្ពស់។
៩. ទិសស្លោក “បច្ចេកវិទ្យាឌីជីថលជួយឱ្យជីវិតកាន់តែប្រសើរ” តំណាងឱ្យការកំណត់យកបច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះថ្មីដ៏មានសារៈសំខាន់ក្នុងការជំរុញកំណើន ផលិតភាពសេដ្ឋកិច្ច-សង្គម និងប្រសិទ្ធភាពការងារ ដូចបានកំណត់នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។