សេចក្តីជូនដំណឹង ស្តីពីការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេព្យកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា។ ក្រសួងបានរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖

«ស្រមៃថាអ្នកគឺជាមហាសមុទ្រ ចូរសរសេរសំបុត្រទៅនរណាម្នាក់ដែលពន្យល់ពីមូលហេតុ និងរបៀបដែលពួកគេគួរថែរក្សាអ្នកឱ្យបានល្អ Imagine you are the ocean. Write a letter to someone explaining why and how they should take good care of you»

១. រង្វាន់ជ័យលាភី

បេក្ខជនជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្តដូចខាងក្រោម៖

  • ជ័យលាភីលេខ១៖ មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១​ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ៤ លានរៀល
  • ជ័យលាភីលេខ២៖ មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១​ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ២ លានរៀល
  • ជ័យលាភីលេខ៣៖ មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១​ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ១ លានរៀល

សំបុត្រដែលទទួលបានជ័យលាភីលេខ១ នឹងត្រូវបញ្ជូនក្នុងនាមតំណាងរបស់កម្ពុជាឱ្យចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រអន្តរជាតិលើកទី៥៤ ដែល​រៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU)។

២. លក្ខណ្ឌនៃការចូលរួម

  • សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងមានអាយុពី៩ ដល់ ១៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥)
  • បំពេញព័ត៌មានក្នុង ពាក្យចុះឈ្មោះចូលរួមការប្រកួតប្រជែងសរសេរសំបុត្រ ដោយភ្ជាប់មកជាមួយ ឯកសារថតចម្លងដើម្បីបញ្ជាក់ពីអាយុសិស្សានុសិស្ស
  • សរសេរសំបុត្រដោយដៃ ជាភាសាខ្មែរ (មិនលើសពី ៤ទំព័រ) ឬភាសាអង់គ្លេស (មិនលើសពី ២ទំព័រ) ផ្ញើពាក្យចុះឈ្មោះចូលរួមប្រកួត និងអត្ថបទសំណេរ តាមរយៈប្រៃសណីយ៍កម្ពុជាដោយឥតគិតថ្លៃ ឬសេវាបញ្ញើឆាប់រហ័សឯកជនណាមួយ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ មកអាសយដ្ឋានដូចខាងក្រោម៖
  • អគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២០២១០

៣. នីតិវិធីនៃការវាយតម្លៃ

  • សំបុត្រដែលផ្ញើក្រោយថ្ងៃកំណត់ ឬមានខ្លឹមសារលិខិតដែលលួចចម្លង ពុំត្រូវបានវាយតម្លៃ
  • ការជ្រើសរើសនឹងត្រូវធ្វើជា២ដំណាក់កាល៖
  • ដំណាក់កាលទី១៖ អត្ថបទដែលចូលរួមទាំងអស់នឹងត្រូវគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុ ផ្អែក​លើខ្លឹមសារដែលឆ្លើយត្រូវនឹងប្រធានបទ ទេពកោសល្យនៃការសរសេរ និងគំនិតច្នៃប្រឌិត
  • ដំណាក់កាលទី២៖ ជ័យលាភីដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន ១០រូប នឹងត្រូវបានសម្ភាសន៍ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ដល់លេខ៣។

៤. សម្រាប់ព័ត៌មានពាក់ព័ន្ធ

កម្រងសំបុត្រជ័យលាភីរបស់សហភាពប្រៃសណីយ៍សកល (UPU International Letter Writing Competition, Best of the Best) ពីឆ្នាំ១៩៧១ ដល់ឆ្នាំ២០២២

សូមចុចទីនេះដើម្បីទាញយកឯកសារពាក់ព័ន្ធ

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងសិស្សានុសិស្ស មេត្តាជ្រាបជាព័ត៌មាន និងចូលរួមប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ នេះ ឱ្យបានច្រើនកុះករ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ០១៦ ៤៥៨ ៥០៣ / ០៩៩ ៧៧​២ ០១៩​