សេចក្តីជូនដំណឹងស្តីពីការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេព្យកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា។ ក្រសួងបានរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖

«ចូរសរសេរសំបុត្រទៅកាន់មិត្តភក្តិម្នាក់ពីមូលហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់ នៅក្នុងពិភពឌីជីថល – Write a letter to a friend about why human connection matters in a digital world»។

១.​ រង្វាន់ជ័យលាភី


បេក្ខជនជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្តដូចខាងក្រោម៖

  • ជ័យលាភីលេខ១ មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១​ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ៤ លានរៀល
  • ជ័យលាភីលេខ២ មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១​ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ២ លានរៀល
  • ជ័យលាភីលេខ៣ មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១​ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ១ លានរៀល

សំបុត្រដែលទទួលបានជ័យលាភីលេខ១ នឹងត្រូវបញ្ជូនក្នុងនាមតំណាងរបស់កម្ពុជាឱ្យចូលរួមនៅក្នុងកម្មវិធី ប្រកួតប្រជែងសរសេរសំបុត្រអន្តរជាតិលើកទី៥៥ ដែល​រៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU)។

២. លក្ខខណ្ឌនៃការចូលរួម

  • សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងអាយុពី៩ ដល់ ១៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦)
  • បំពេញព័ត៌មានក្នុង “ពាក្យចុះឈ្មោះចូលរួមការប្រកួតប្រជែងសរសេរសំបុត្រ” ដោយភ្ជាប់មកជាមួយឯកសារថតចម្លងដើម្បីបញ្ជាក់ពីអាយុសិស្សានុសិស្ស
  • សរសេរសំបុត្រដោយដៃ ជាភាសាខ្មែរ (មិនលើសពី ៤ទំព័រ) ឬភាសាអង់គ្លេស (មិនលើសពី ២ទំព័រ)

ផ្ញើពាក្យចុះឈ្មោះចូលរួមប្រកួត និងអត្ថបទសំណេរ តាមរយៈប្រៃសណីយ៍កម្ពុជាដោយឥតគិតថ្លៃ ឬសេវាបញ្ញើឆាប់រហ័សឯកជនណាមួយ ត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ មកអាសយដ្ឋានដូចខាងក្រោម៖ អគ្គនាយកដ្ឋានប្រៃសណីយ៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២០២១០។

៣. នីតិវិធីនៃការវាយតម្លៃ

  • សំបុត្រដែលផ្ញើក្រោយថ្ងៃកំណត់ ឬមានខ្លឹមសារលិខិតដែលលួចចម្លង ពុំត្រូវបានវាយតម្លៃ
  • ការជ្រើសរើសនឹងត្រូវធ្វើជា២ដំណាក់កាល៖
  • ដំណាក់កាលទី១៖ អត្ថបទដែលចូលរួមទាំងអស់នឹងត្រូវគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុ ផ្អែក​លើខ្លឹមសារដែលឆ្លើយត្រូវនឹងប្រធានបទ ទេពកោសល្យនៃការសរសេរ និងគំនិតច្នៃប្រឌិត
  • ដំណាក់កាលទី២៖ ជ័យលាភីដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន ១០រូប នឹងត្រូវបានសម្ភាសន៍ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ដល់លេខ៣។

៤. សម្រាប់ព័ត៌មានពាក់ព័ន្ធ

កម្រងសំបុត្រជ័យលាភីរបស់សហភាពប្រៃសណីយ៍សកល (UPU International Letter Writing Competition, Best of the Best) ពីឆ្នាំ១៩៧១ ដល់ឆ្នាំ២០២២

សូមចុចទីនេះដើម្បីទាញយកឯកសារពាក់ព័ន្ធ

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងសិស្សានុសិស្ស មេត្តាជ្រាបជាព័ត៌មាន និងចូលរួមប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ នេះ ឱ្យបានច្រើនកុះករ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ០១៦ ៤៥៨ ៥០៣ / ០៩៩ ៧៧​២ ០១៩​។

៥.​ កម្រងសំបុត្រដែលធ្លាប់ទទួលបានជ័យលាភី ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥

លទ្ធផលជ័យលាភីនៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥

លទ្ធផលជ័យលាភីនៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤

លទ្ធផលជ័យលាភីនៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣

លទ្ធផលជ័យលាភីនៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី១ ឆ្នាំ២០២២

៦.​ កម្រងសំបុត្រដែលធ្លាប់បានជ័យលាភី ក្នុងការប្រកួតប្រជែងសរសេរសំបុត្រអន្តរជាតិ (UPU)

សូមចុចលើតំណរលីងនេះដើម្បីចូលទៅកាន់គេហទំព័រ UNIVERSAL POSTAL UNION (UPU) សម្រាប់ការមើលកម្រងសំបុត្រដែលធ្លាប់បានជ័យលាភី ក្នុងការប្រកួតប្រជែងសរសេរសំបុត្រអន្តរជាតិ (UPU) ។

លទ្ធផលជ័យលាភីនៃការប្រកួតកន្លងមក