ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ និងឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ ហោ ប៉េង បានអញ្ជើញបិទកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលស្តីពីកិច្ចការពារទិន្នន័យបុគ្គល

ខេត្តសៀមរាប៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានអញ្ជើញចូលរួមក្នុងពិធីបិទ “កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលស្តីពីកិច្ចការពារទិន្នន័យបុគ្គល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារខេមរាអង្គរ និងស្ប៉ា ខេត្តសៀមរាប។ កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលនេះសហការរៀបចំដោយ ក.ប.ទ. និងសាកលវិទ្យាល័យជាតិគ្រប់គ្រង តាមរយៈកិច្ចព្រមព្រៀងចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត ក្រោមការគាំទ្រពីគម្រោង EU-German GATE ដែលមានអ្នកចូលរួមមកពី នាយកដ្ឋាននីតិកម្មនៃ ក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងអ្នកតំណាង គម្រោង EU-German GATE សរុបចំនួន៣០ នាក់។

ថ្លែងនៅក្នុងឱកាសបិទកម្មវិធីបណ្តុះបណ្តាល ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ បានថ្លែងអំណរគុណដល់ ក.ប.ទ. ដែលបានសហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមការគាំទ្រពីគម្រោង EU-German GATE រៀបចំកម្មវិធីបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ និង ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ បានសង្កត់ធ្ងន់ថា សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនាពេលនេះ នឹងក្លាយជា “គ្រូបង្គោល” ប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីកិច្ចការពារទិន្នន័យបុគ្គលទៅកាន់ស្ថាប័នផ្សេងៗទៀត។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ ក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម ដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យផងដែរ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia