ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្ដីពី “ភាពធន់និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា៖ ការរក្សាលំនឹងក្នុងកាលៈទេសៈនៃសង្គ្រាមឈ្លានពានលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា” នៅវិមានរដ្ឋសភា

វិមានរដ្ឋសភា៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្ដីពី “ភាពធន់និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា៖ ការរក្សាលំនឹងក្នុងកាលៈទេសៈនៃសង្គ្រាមឈ្លានពានលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចរដ្ឋសភាពធិការបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មាធិការ និងសមាជិក-សមាជិកា របស់ព្រឹទ្ធសភា-រដ្ឋសភាដ៏ឧត្តុង្គឧត្តម នៅវិមានរដ្ឋសភា។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគោរពជម្រាបជូនអង្គសិក្ខាសាលា អំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់របស់ក្រសួង ការរៀបចំឱ្យមានរបៀបរៀបរយក្នុងវិស័យទូរគមនាគមន៍ ការកៀរគរចំណូលថវិកាជាតិ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឌីជីថលឆ្អឹងខ្នង កិច្ចការការពារសន្តិសុខសាយប័រ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍថ្នាលនិងកម្មវិធីរបស់រាជរដ្ឋាភិបាលឌីជីថល ការរីកចម្រើនដ៏ឆាប់រហ័រនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ជាដើម។ ជាពិសេស ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីឆន្ទៈក្នុងការលើកកម្ពស់កិត្តិសព្ទរបស់កម្ពុជាឱ្យមានការទទួលស្គាល់ជាអន្តរជាតិលើសមត្ថភាពផ្នែកឌីជីថល។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia