ឯកឧត្តមរដ្ឋលេខាធិការ ទួន ស៊ីផាន់ និងឯកឧត្តមរដ្ឋលេខាធិការ អ៊ូច ភា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជូនដល់មន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ ក.ប.ទ. សរុបប្រមាណ ៣០០នាក់ ព្រមទាំងមានការអញ្ជើញចូលរួមធ្វើបទបង្ហាញដោយ លោកឧត្តមសេនីយ៍ត្រី សំ វាសនា អនុប្រធានផ្នែកនៃលេខាធិការដ្ឋានសម្រាប់គាំទ្រគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នៅទីស្តីការ ក.ប.ទ.។

គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បង្កើតឡើងមានគោលបំណងកសាងនិងពង្រឹង សន្តិសុខសណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាជនកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីគ្រោះមហន្តរាយនិងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋាន និងឈានទៅការបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកអនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាមួយគ្នានេះ ការផ្សព្វផ្សាយគោលនយោបាយខាងលើមានគោលបំណង ដើម្បីធ្វើបទបង្ហាញអំពីខ្លឹមសារ និងបញ្ជ្រាបការយល់ដឹងនូវលក្ខណៈសម្បត្តិទាំង៧ របស់គោលនយោបាយ មានដូចជា៖

១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍

៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង

៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ

៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia