ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំ «សិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល» ក្រោមអធិបតីភាព ឯកឧត្តមគង់ ផល្លៈ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកស្រី Cristina Novio Garcia អ្នកគ្រប់គ្រងកម្មវិធីនៃតំណាង​ស្ថានប្រតិភូសហភាពអឺរ៉ុប្រចាំកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ សង្គមស៊ីវិល និងអ្នកជំនាញ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់នេះ មុននឹងបន្តនីតិវិធីតាមផ្លូវច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានលើកឡើងថា ទិន្នន័យជាធនធានសំខាន់សម្រាប់ការអភិវឌ្ឍឌីជីថល ខណៈដែលទំនុកចិត្តជាមូលដ្ឋានសម្រាប់ការប្រើប្រាស់សេវាឌីជីថល ការច្នៃប្រឌិត និងការវិនិយោគ។ ការការពារទិន្នន័យបុគ្គលមិនត្រឹមតែការពារសិទ្ធិឯកជនភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះសម្រាប់ការអភិវឌ្ឍ បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងការកសាងសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាពផងដែរ។ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ត្រូវបានរៀបចំឡើងដោយផ្អែកលើការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងការសិក្សាបទពិសោធន៍ជាតិ និងអន្តរជាតិ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ទំនើប ដែលការពារទិន្នន័យបុគ្គល ពង្រឹងទំនុកចិត្តសាធារណៈ គាំទ្រនវានុវត្តន៍ និងបង្កើនការប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមផ្តល់មតិយោបល់ប្រកបដោយស្មារតីស្ថាបនា ដើម្បីរួមចំណែកកែលម្អសេចក្តីព្រាងច្បាប់ឱ្យមានគុណភាព និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងអនាគតឌីជីថលរបស់កម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកទស្សនៈមួយថា “ការអនុវត្តច្បាប់មិនចាប់ផ្តើមនៅថ្ងៃដែលច្បាប់ចូលជាធរមាននោះទេ ប៉ុន្តែចាប់ផ្តើមតាំងពីដំណាក់កាលនៃការតាក់តែងច្បាប់ និងការត្រៀមខ្លួន។ ច្បាប់មួយអាចទទួលបានជោគជ័យ ល្គឹកណាមានការចូលរួម និងការគាំទ្រពីភាគីពាក់ព័ន្ធ”។​ ក្នុងន័យនេះ ការពិគ្រោះយោបល់កន្លងមក និងសិក្ខាសាលាផ្ទៀងផ្ទាត់នាពេលនេះ មិនមែនគ្រាន់តែជាដំណើរការតាក់តែងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដំបូងនៃការអនុវត្តច្បាប់ផងដែរ។ តាមរយៈការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ យើងបានរួមគ្នាកសាងការយល់ដឹង ពង្រឹងទំនុកចិត្ត និងត្រៀមខ្លួន ដើម្បីធានាឱ្យការអនុវត្តច្បាប់នេះទទួលបានជោគជ័យ។ ឯកឧត្តមគង់ ផល្លៈបានបញ្ចប់ប្រសាសន៍ដោយសង្កត់ធ្ងន់ថា៖ «បញ្ញាសិប្បនិម្មិត (AI) អាចកំណត់អនាគតរបស់យើង ប៉ុន្តែការការពារទិន្នន័យបុគ្គល នឹងកំណត់ថា អនាគតនោះអាចទទួលបានទំនុកចិត្តដែរឬទេ»។

#posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia