ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកម្មវិធី “AI in Motion (AIM)” របស់ក្រុមការងារ FirstWave

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកម្មវិធី “AI in Motion (AIM)” ដែលរៀបចំដោយ របស់ក្រុមការងារ FirstWave ដោយមានការអញ្ជើញចូលរួមពីស្ថាបនិក អ្នកបង្កើតថ្មី ក្រុមហ៊ុនឯកជន វិនិយោគិន និងនិស្សិតប្រមាណ ១០០នាក់។

កម្មវិធី “AI in Motion (AIM)” គឺជាកម្មវិធីជំរុញនិងអភិវឌ្ឍអាជីវកម្មសម្រាប់ធុរកិច្ចថ្មីឌីជីថល រយៈពេល ៨សប្ដាហ៍ ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ដើម្បីបង្កើតនូវថ្នាល និងដោះស្រាយឌីជីថលថ្មីៗ​ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង អភិវឌ្ឍសមត្ថភាព និងជំរុញការយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកអនុវត្តជាក់ស្ដែងក្នុងការបង្កើតដំណោះស្រាយឌីជីថលបែបច្នៃប្រឌិត ដោយជួយជ្រោមជ្រែងដល់សហគ្រិន និងធុរកិច្ចថ្មី (Startups) កម្ពុជា ឱ្យមានលទ្ធភាពបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈការបណ្តុះបណ្តាល ការតម្រង់ទិសពីអ្នកជំនាញ ការអភិវឌ្ឍផលិតផលគំរូ (MVP) និងការភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិន ព្រមទាំងដៃគូក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរលើគ្រប់វិស័យឱ្យកាន់តែមានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ឱ្យខិតខំស្វែងយល់ និងចាប់យកចំណេះដឹង និងបទពិសោធន៍ពីកម្មវិធី “AI in Motion (AIM)” នេះ ដើម្បីប្រែក្លាយគំនិតច្នៃប្រឌិតថ្មីៗឱ្យទៅជាផលិតផល ឬសេវាកម្មជាក់ស្តែង ដែលអាចប្រកួតប្រជែងបានទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia