រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពីការបង្កើតបណ្តាញ និងការផ្គូរផ្គងធុរកិច្ចដើម្បី “រួមគ្នាបង្កើត” សេដ្ឋកិច្ចលំហអាកាស កម្ពុជា-ជប៉ុន (Cambodia-Japan “Co-Creation” Networking Symposium and Business Matching) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងវិស័យឯកជនមកពីប្រទេសជប៉ុននិងកម្ពុជា ដៃគូសហការជាតិនិងអន្តរជាតិ ព្រមទាំងមន្រ្តី និងថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រមាណ ១៥០នាក់ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។






សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុននិងដៃគូសហការរវាងប្រទេសជប៉ុននិងកម្ពុជា ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យលំហអាកាស និងការស្រាវជ្រាវ សំដៅចូលរួមនៅក្នុងការជំរុញកំណើនបៃតង (Green Growth) ការពារបរិស្ថាន ធ្វើបរិវត្តកម្មឌីជីថល និងបង្កើតឱកាសថ្មីៗសម្រាប់អាជីវកម្មក្នុងវិស័យលំហអាកាសជាតិនិងអន្តរជាតិ។
ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា ក.ប.ទ. បាននិងកំពុងរៀបចំគោលនយោបាយជាតិស្ដីពីលំហអាកាស និងកម្មវិធីលំហអាកាសរយៈពេល ៥ឆ្នាំ ដើម្បីពង្រឹងវិស័យលំហអាកាស បង្កើតប្រព័ន្ធអេកូឡូស៉ីលំហអាកាសជាតិ និងជំរុញសេដ្ឋកិច្ចលំហអាកាសនៅកម្ពុជា ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថាន លើកកម្ពស់សេវាសាធារណៈ ពន្លឿនការធ្វើបរិវត្តកម្មឌីជីថល ពង្រឹងសមត្ថភាពធនធានមនុស្ស និងបើកឱកាសអាជីវកម្មថ្មីៗ។ បន្ថែមពីនេះ ក.ប.ទ. ក៏បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតទៅកាន់និស្សិតកម្ពុជាចំនួន ៤៨នាក់ ទៅសិក្សានៅក្រៅប្រទេសលើជំនាញលំហអាកាសផងដែរ។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia


