សិក្ខាសាលាលើកទី២ ផ្នែកទី១ ស្ដីពីការកសាងសមត្ថភាពលើការរៀបចំផែនការរដ្ឋាភិបាលអេឡិកត្រូនិច ក្រោមគម្រោងកម្មវិធីរដ្ឋបាលសាធារណៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំបើកសិក្ខាសាលាលើកទី២ ផ្នែកទី១ ស្ដីពីការកសាងសមត្ថភាពលើការរៀបចំផែនការរដ្ឋាភិបាលអេឡិកត្រូនិច ក្រោមគម្រោងកម្មវិធីរដ្ឋបាលសាធារណៈបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រោមអធិបតីភាពឯកឧត្ដម ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីមន្ត្រីរាជការពាក់ព័ន្ធ និងសិក្ខាកាមមកពីបណ្ដាក្រសួងស្ថាប័នផ្សេងៗ។

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលារបស់ឯកឧត្ដមអនុរដ្ឋលេខាធិការ ខូវ មករា នាព្រឹកថ្ងៃទី១២ នេះ ឯកឧត្ដមបានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការបង្កើតច្បាប់ និងបទដ្ឋានគតិយុទ្ធនានាដើម្បីជាមូលដ្ឋានក្នុងកិច្ចអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (T-ICT) នៅកម្ពុជា។ ជាក់ស្ដែងក្រសួងបានជំរុញបង្កើត និងដាក់ចេញច្បាប់ស្ដីពីទូរគមនាគមន៍ នាថ្ងៃទៅ១៧ ខែធ្នូ ឆ្នាំ២០១៥ និងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលទៅលើគោលនយោបាយវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នាខែមេសា ឆ្នាំ២០១៦ផងដែរ។ ឯកឧត្ដមបានបញ្ជាក់ទៀតថា ការបង្កើតផែនការមេរបស់រដ្ឋាភិបាលអាឡិកត្រូនិច និងមន្ត្រី CIO គឺជាគន្លិះសំខាន់នៃការអនុវត្តន៍គោលនយោបាល T-ICT ដែលតម្រូវឲ្យមានការចូលរួមពីបណ្ដាក្រសួង និងដែគូរពាក់ព័ន្ធដើម្បីរៀបចំជាផែនការមេរបស់រដ្ឋាភិបាលអេឡិកត្រូនិចមួយដែលមានលក្ខណៈពេញលេញ។
 
ក្រោយពីបានស្ដាប់សុន្ទរកថាបើកកម្មវិធីរបស់ឯកឧត្ដមអនុរដ្ឋលេខាធិការ ខូវ មករា រួចមកសិក្ខាកាមទាំងអស់បានចូលរួមស្ដាប់បទបង្ហាញរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយផ្តោតសំខាន់ទៅលើប្រធានបទចំនួនបី គឺ៖ គោលនយោបាលទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅប្រទេសកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិចនៅកម្ពុជា និងផែនការកំណត់ និងអភិវឌ្ឍន៍និយាមបច្ចេកទេសរួមសម្រាប់សេវាបឋមរដ្ឋាភិបាលអេឡិកត្រូនិច។
 
នៅក្នុងរយៈពេលបួនថ្ងៃនៃសិក្ខាសាលានេះ សិក្ខាកាមទាំងអស់នឹងបានស្វែងយល់អំពីតួនាទី និងមុខងារភារកិច្ចរបស់មន្ត្រី CIO មូលដ្ឋាននៃរដ្ឋាភិបាលអេឡិកត្រូនិច និងវិធីសាស្ត្រក្នុងការបង្កើតផែនការសកម្មភាពរបស់រដ្ឋាភិបាលអេឡិកត្រូនិច និងការយល់ដឹងអំពីអាទិភាពជាតិដោយផ្អែកទៅលើយុទ្ធសាស្ត្រ និងអាទិភាពជាតិរបស់ប្រទេសកម្ពុជា។ សិក្ខាកាមនឹងបានចូលរួមចំណែកស្វែងយល់អំពីការអភិវឌ្ឍន៍បច្ចេកវិទ្យារដ្ឋាភិបាលអេឡិកត្រូនិច បច្ចេកវិទ្យាសម្រាប់រដ្ឋាភិបាលអេឡិកត្រូនិច និងយុទ្ធសាស្ត្ររដ្ឋាភិបាលអេឡិកត្រូនិចជាតិ និងអន្តរជាតិ តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សាចែករំលែកទស្សនៈរបស់មន្ត្រីរាជការ និងសិក្ខាកាមដែលបានចូលរួមទាំងអស់។
 

អត្ថបទជាប់ទាក់ទង