កិច្ចប្រជុំចែករំលែកបទពិសោធន៍រវាងប្រៃសណីយ៍កម្ពុជា និងប្រៃសណីយ៍ជប៉ុន
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំចែករំលែកបទពិសោធន៍ក្នុងការរៀបចំ និងគ្រប់គ្រងវិស័យប្រៃសណីយ៍របស់ប្រទេសកម្ពុជា និងប្រទេសជប៉ុន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រុមការងារគណៈកម្មាធិការរៀបចំជំរុញការអភិវឌ្ឍខាងផ្នែក ពាណិជ្ជកម្មអេឡិកត្រូនិកក្នុងវិស័យប្រៃសណីយ៍ (Postal E-Service) លេខាធិការទី២នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងមន្រ្តីនៃក្រសួងការពារជាតិ និងគមនាគមន៍របស់ប្រទេសជប៉ុន (Ministry of Internal Affairs and Communications)។
នៅក្នុងកិច្ចប្រជុំនេះ ភាគីជប៉ុនបានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹងប្រវត្តិនៃការបង្កើតប្រៃសណីយ៍ជប៉ុន ការវិវត្តន៍វិស័យប្រៃសណីយ៍ និងការប្រតិបត្តិនូវការផ្តល់សេវាប្រៃសណីយ៍ឲ្យបានគ្រប់កន្លែងជាពិសេសតំបន់ដាច់ស្រយ៉ាលដែលបញ្ជូលទាំងសេវាប្រាក់សន្សំ (Postal Saving Bank) និងសេវាធានារាប់រងអាយុជីវិត (Postal Life Insurance)ដែលប្រជាជនអាចប្រើប្រាស់សេវាបានគ្រប់កន្លែង និងងាយស្រួល។
បន្ទាប់ពីបានស្តាប់បទបង្ហាញ ភាគីទាំង២បានស្វែងយល់ពីគ្នាទៅវិញទៅមកលើការអនុវត្ត និងការប្រតិបត្តិក្នុងវិស័យប្រៃសណីយ៍ ហើយក៏មានគោលជំហរក្នុងការជួយជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២ដើម្បីបន្តជំរុញកិច្ចការងារអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ឲ្យឆ្លើយតបទៅនឹងបរិយាកាស និងតម្រូវការរបស់ប្រជាជន និងអតិថិជននាពេលបច្ចុប្បន្ន និងអនាគត។