• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការគាំទ្រធុរកិច្ចថ្មីឌីជីថល”

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការគាំទ្រធុរកិច្ចថ្មីឌីជីថល និងសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា តាមប្រព័ន្ធសន្និសីទវីដេអូ (Zoom) រៀបចំដោយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានការចូលរួមពីស្ថាបនិក សហស្ថាបនិកធុរកិច្ចថ្មីឌីជីថល ប្រមាណ ៩០នាក់។

សិក្ខាសាលានេះមានគោលបំណងសំខាន់ចំនួន៣ គឺ ទី១. ដើម្បីពង្រឹងទំនាក់ទំនងជិតស្និទនិងភាពជាដៃគូរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និង សហគមន៍ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា, ទី២. ដើម្បីផ្សព្វផ្សាយនូវកម្មវិធីគាំទ្រធុរកិច្ចថ្មីឌីជីថល និងមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, និង ទី៣. ដើម្បី ពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពរបស់ធុរកិច្ចថ្មីឌីជីថល ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ និងក្រោយវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ការកសាងនូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី ជាអាទិភាពសំខាន់មួយ ក្នុងការជំរុញធុរកិច្ចឌីជីថល ដែលជាតួអង្គដ៏សំខាន់ក្នុងការជំរុញការធ្វើ បរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័សជួយគាំទ្រដល់ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល និងចូលរួមស្តារនិង អភិវឌ្ឍសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងសំខាន់ផ្សេងទៀតរបស់ ស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតក្រសួងបានបង្កើតនូវមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល ស្ថិតនៅក្រោមបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីរួមចំណែកក្នុងការកសាង អេកូឡូស៊ីសហគ្រិនភាព និងគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល សំដៅលើកកម្ពស់នវានុវត្តន៍ជាតិ។ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនូវកម្មវិធីគាំទ្រ និងលើកទឹកចិត្តធុរកិច្ចថ្មីឌីជីថល សំដៅដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗ ដែលរាំងស្ទះដល់ការបង្កើត និងការពង្រីកខ្លួនរបស់ធុរកិច្ចថ្មីឌីជីថល។

អត្ថបទទាក់ទង