រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយក្រុមហ៊ុន Google និង YouTube បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube (Be Professional YouTubers)” ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Jean Jacques Sahel ប្រធានផ្នែកព័ត៌មាន និងគោលនយោបាយមាតិកា ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Google ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុងនិងក្រៅប្រទេស ដែលមានអ្នកចូលរួមប្រមាណ ២១០០នាក់ តាមរយៈ Google meet និងទស្សនាដោយផ្ទាល់នៅលើ YouTube Channel របស់ក្រសួង ផងដែរ។
ថ្លែងក្នុងអង្គសិក្ខាសាលានាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអញ្ចេីញថ្នាក់ដឹកនាំ Google និងអ្នកមានបទពិសោធជាតិនិងអន្តរជាតិ មកធ្វេីចែករំលែកក្នុងសិក្ខាសាលានេះគឺដេីម្បីជំរុញ និងលេីកទឹកចិត្តឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ ។
ឯកឧត្ដមរដ្ឋមន្ត្រីបានលេីកទឹកចិត្តដល់អ្នកផលិតមាតិកាឌីជីថល នៅកម្ពុជាឱ្យយល់ដឹងអំពីគោលការណ៍របស់ YouTube ដើម្បីផលិតវីដេអូដែលស្របតាមស្ដង់ដារដែល YouTube កំណត់ ដើម្បីកម្ពុជាមានឱកាស និងសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានចំណូល (Monetization) តាមរយ:កម្មវិធីភាពជាដៃគូរបស់យូធូប (YouTube Partnership) នាពេលឆាប់ៗនេះ។