ក្នុងពិធីប្រគល់ទទួល ឧបករណ៍ប្រព័ន្ធកុំព្យូទ័រ FusionCloud Destop ដែលបានប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) បានធ្វើរបាយការណ៍ជម្រាបជូនអង្គពិធីទាំងមូលថា៖ FusionCloud Destop គឺជាបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយបង្អស់ដែលបង្កើតឡើងដោយក្រុមហ៊ុនហួវៃ ឬហៅថា “បច្ចេកវិទ្យាពពក”។ FusionCloud Destop មានគុណសម្បត្តិច្រើនប្រការ ដូចជា ទិន្នន័យនានាត្រូវបានរក្សាទុកក្នុងម៉ាសីុនមេតែមួយ និងត្រូវបានការពារសន្តិសុខប្រកបដោយសុវត្ថិភាពខ្ពស់, អ្នកប្រើប្រាស់អាចទាញយកទិន្នន័យរបស់ខ្លួនមកប្រើបាននៅគ្រប់ទីកន្លែង ដោយគ្រាន់តែមានគណនីផ្ទាល់ខ្លួនមួយសម្រាប់ចុះឈ្មោះចូលប្រើប្រាស់តាមរយៈម៉ាសុីនកូនណាមួយ ឬស្មាតហ្វូនក៏បាន, កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីប្រមាណ ៧០% (ប្រៀបធៀបនឹងការប្រើប្រាស់កុំព្យូទ័រលើតុធម្មតា), និងកាត់បន្ថយចំណាយក្នុងការទិញ Software និងHardware។
លោក រេន ជានយុន (Ren Jianyun) តំណាងក្រុមហ៊ុនហួវៃ បានថ្លែងជម្រាបអង្គពិធីទាំងមូលថា លោកមានជំនឿជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា FusionCloud Destop ដែលក្រុមហ៊ុនបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យ ICT និងរដ្ឋាភិបាលអេឡិចត្រូនិច(E–government)នៅកម្ពុជា។ ក្រុមហ៊ុននឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដើម្បីអភិវឌ្ឍវិស័យបច្ចេកវិទ្យា ICT ឲ្យកាន់តែរីកចម្រើនថែមទៀត។
ថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីទាំងអស់ ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រគល់ FusionCloud Destop ចំនួន ៥០០ គ្រឿង និងម៉ាស៊ីនមេមួយគ្រឿង សរុបជាទឹកប្រាក់ប្រហែល ៧ សែនដុល្លារអាមេរិក ដែលក្រុមហ៊ុនហួវៃបានប្រគល់ជូនសម្តេចតេជោ មកឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាអ្នកគ្រប់គ្រង និងចាត់ចែងប្រើប្រាស់។ ឯកឧត្តមក៏សូមថ្លែងអំណរគុណផងដែរចំពោះក្រុមហ៊ុនហួវៃដែលតែងបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងក្នុងការអភិវឌ្ឍវិស័យ ICT នៅកម្ពុជា រួមមានទាំងការផ្តល់សម្ភារៈ និងការអភិវឌ្ឍធនធានមនុស្សពាក់ព័ន្ធនឹងវិស័យដ៏មានសារៈសំខាន់មួយនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កិច្ចសហការរវាងក្រសួងជាមួយនឹងក្រុមហ៊ុនហួវៃនាពេលកន្លងមក គឺជាផ្លែផ្កានៃទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងប្រទេសចិន។ ឯកឧត្តមសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនហួវៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នាពេលកន្លងមក ហើយសង្ឃឹមថា ក្រុមហ៊ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យ ICT នៅកម្ពុជា ក្នុងបរិការណ៍ដែលអាស៊ានបានក្លាយជាសហគមន៍សេដ្ឋកិច្ចតែមួយ៕