ការផ្លាស់ប្តូរថ្នាក់ដឹកនាំសហគ្រាសសាធារណៈនេះ មានដូចតទៅ៖
- ឯកឧត្តម ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា ជំនួសឯកឧត្តម មាស ប៉ូ ដែលត្រូវបានបញ្ចប់មុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាល។
- លោក សន វី អគ្គនាយករងនៃទូរគមនាគមន៍កម្ពុជា ត្រូវបានប្រគល់ភារកិច្ចជាអគ្គនាយកស្តីទី នៃទូរគមនាគមន៍កម្ពុជា ជំនួសឯកឧត្តម ឡាយ ម៉ារីវ៉ូ ដែលត្រូវបញ្ចប់មុខតំណែងពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា។
- នៅក្នុងដំណើរការនៃការកែសំរួលរចនាសម្ព័ន្ធដឹកនាំរបស់អង្គភាពនេះ សមាសភាពក្រុមប្រឹក្សាភិបាលត្រូវបានកាត់បន្ថយមកត្រឹម ៥ រូប គឺ៖
– តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ១ រូប ជាប្រធាន
– តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ១ រូប ជាសមាជិក
– តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១ រូប ជាសមាជិក
– អគ្គនាយកទូរគមនាគមន៍កម្ពុជា ១ រូប ជាសមាជិក
– តំណាងនិយោជិតរបស់ទូរគមនាគមន៍កម្ពុជា ១ រូប ជាសមាជិក
- ជាមួយនេះដែរ អគ្គនាយករងមួយរូបនឹងត្រូវបានជ្រើសរើសយកមកពីវិស័យឯកជន ដើម្បីជួយស្តារ និងពង្រឹងបន្ថែមស្ថានភាពអាជីវកម្ម និងបង្កើនចំណូលរបស់អង្គភាព។
ការផ្លាស់ប្តូរកែសំរួលរចនាសម្ព័ន្ធដឹកនាំនៃទូរគមនាគមន៍កម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់ពីលទ្ធផលនៃអធិការកិច្ចរួមមួយរវាងអគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា មានការខ្វះខាតធ្ងន់ធ្ងរ លើការងារគ្រប់គ្រង និងការដឹកនាំរបស់ថ្នាក់ដឹកនាំទូរគមនាគមន៍កម្ពុជាដែលនាំឲ្យ៖
– មានការកិបកេងលួចបន្លំយកប្រាក់ចំណូលរបស់អង្គភាពចំនួន ២៣ ម៉ឺនដុល្លារអាមេរិកប្រាកដមែន
– ការគ្រប់គ្រងចំណូល‑ចំណាយមិនច្បាស់លាស់ គ្មានប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព ធ្វើឲ្យចំណូលធ្លាក់ចុះ បំណុលកើនឡើងជាលំដាប់ និងមានចន្លោះប្រហោងជាច្រើនដែលឈានទៅដល់ការកិបកេង និងការលុបបំណុល
– មិនបានយកចិត្តទុកដាក់ត្រួតពិនិត្យការគ្រប់គ្រងកិច្ចបញ្ជីការគណនេយ្យ និងឯកសារពាក់ព័ន្ធដែលឈានទៅដល់ការបាត់បង់ឯកសារដ៏មានសារៈសំខាន់ទាំងនេះដោយចេតនា។
នេះគឺជាការអនុវត្តតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល» ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់តាំងពីដើមអាណត្តិទី៥ នេះ។