ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា នាពេលកន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសម៉ាឡេស៊ី ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT។ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន កម្ពុជា និងម៉ាឡេស៊ីបានចេញសេចក្ដីថ្លែងការណ៍រួមក្នុងកំឡុងពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើទស្សនកិច្ចការងារនៅប្រទេសម៉ាឡេស៊ីកាលពីខែមិថុនា ឆ្នាំ២០១៦ កន្លងមក។ នៅក្នុងសេចក្ដីថ្លែងការណ៍រួម បានបង្ហាញពីការប្តេជ្ញារួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍។
ក្នុងឱកាសនេះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានស្នើដល់ភាគីប្រទេសម៉េឡេស៊ីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ជាពិសេសក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT តាមរយៈការបង្កើតនូវកម្មវិធីអភិវឌ្ឍសមត្ថភាព រួមមានដូចជា ការធ្វើទស្សនកិច្ចសិក្សា ការផ្តល់ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាល (រយៈពេលខ្លី និងវែង) ឬសិក្ខាសាលានានាដែលពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT។