រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគម៍បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សា និងធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារ និងមុខងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងប្រៃសណីយ៍កម្ពុជា ដែលមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុន LoDiCS Co., Ltd។
ជាមួយគ្នានោះ អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើបទបង្ហាញពីរចនាសម្ព័ន្ធរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ព្រមទាំងបានបង្ហាញពីសកម្មភាពការងារ និងតួនាទីរបស់ក្រសួងផងដែរ។
នៅក្នុងបទបង្ហាញរបស់ប្រៃសណីយ៍កម្ពុជា ឯកឧត្តម អោក បូរ៉ា ក៏បានលើកឡើងពីវឌ្ឍនភាពនៃដំណើរការរបស់ប្រៃសណីយ៍កម្ពុជាដោយផ្តោតទៅលើការរីកចំរើននៃរចនាសម្ព័ន្ធ ក៏ដូចជាគម្រោងវិនិយោគ និងសេវាកម្មរបស់ប្រៃសណីយ៍កម្ពុជា។
ទន្ទឹមនឹងនោះ ឯកឧត្តមបានបន្ថែមនូវផែនទីផ្លូវដើរសម្រាប់ទទួលបញ្ញើពាណិជ្ជកម្មអេឡិកត្រូនិក (E-Commerce) ដែលបែងចែកជា៥ផ្នែកផ្សេងៗគឺ៖
១. តម្រូវការប្រតិបត្តិការបឋម
២. ព័ត៌មានដំណើរការរបស់បញ្ញើ
៣. ប្តូរទិន្នន័យប្រកបដោយគុណភាព
៤. បញ្ជួលជាមួយប្រព័ន្ធភស្តុភារឆ្លងដែន
៥. បង្កើនទំនុកចិត្ត។
បន្ថែមពីនេះ ក្រុមការងាររបស់ប្រៃសណីយ៍កម្ពុជាក៏បានបង្ហាញពីរចនាសម្ព័ន្ធ ផែនការអាជីវកម្ម និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុនរួមទុន (Joint Venture Compnay) Cambodia Post eSolution Plc មានដូចជា ePost or PostPay or PostCash (E-Wallet, E-Payment/Billing, E-Remittance, Post Services, E-Delivery and Transportation, and User Flow: Mobile Apps, Kiosk&Browser) E-Ticket, E-Government.
មុននឹងបញ្ចប់ ភាគីទាំងសងខាងបានធ្វើការចែករំលែកបទនូវពិសោធន៍បន្ថែមមួយចំនួនទៀតដែលទាក់ទងនឹងការអនុវត្តកន្លងមកនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍របស់ប្រទេសកូរ៉េ។