ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្រោយបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង រដ្ឋាភិបាលបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលបានផ្តល់ឱកាសពេញលេញដល់កម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍អោយរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ ក្រោមម្លប់សន្តិភាព សេដ្ឋកិច្ចកម្ពុជាកាន់តែរីកលូតលាស់ ដែលក្នុងនោះ គឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែកើនច្រើនឡើង ធ្វើអោយកម្ពុជាអាចរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧%។ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តក្នុងការដឹកនាំនាវាកម្ពុជាអោយសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ជាពិសេសកិច្ចការពារ ថែរក្សាសន្តិភាពអោយបានគង់វង្ស និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់ប្រជាជន ការយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះដោយប្រការផ្សេងៗ និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង៕