ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បើកពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​ ក្រុមហ៊ុន គ្រឹះស្ថាន អង្គការ និង​ស្ថាប័ន​ទាំង​អស់មេត្តា​ជ្រាប​ថា
ក.ប.ទ. សូម​បើក​ការ​ពិគ្រោះយោបល់​លើ​សេចក្ដីព្រាង​ “មគ្គទេសក៍​បន្ថែម​របស់​អាស៊ាន​ស្ដីពី​អភិបាលកិច្ចនិង​សីលធម៌​បញ្ញាសិប្បនិម្មិត សម្រាប់​បញ្ញាសិប្បនិម្មិត​បង្កើត​មាតិកា” (Expanded ASEAN Guide on AI Governance and Ethics – Generative AI) ចាប់​ពី​ថ្ងៃជូន​ដំណឹង​នេះ រហូត​ដល់​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២៤។ ការ​ពិគ្រោះយោបល់​នេះ ធ្វើ​ឡើង​ស្របតាម​ស្មារតី ​ក្រុម​ការងារ​អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត របស់​ឧត្ដមមន្ត្រីឌីជីថល​អាស៊ាន ដោយ​​មាន​ការ​សម្របសម្រួល​ពី​ អគ្គលេខាធិការដ្ឋាន​អាស៊ាន

សាវតារ

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យា​ព័ត៌មាន​ដែល​មាន​ការ​ប្រើប្រាស់​ជា​យូរមក​ហើយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន។ ប៉ុន្តែក្នុងរយៈពេល​២ឆ្នាំចុងក្រោយនេះ ពិភពលោក​ងាក​មកចាប់អារម្មណ៍​លើ​AI​កាន់​តែ​ខ្លាំង ដោយសារ​​ការ​រីក​ដុះដាលនៃ​បញ្ញាសិប្បនិម្មិត​បង្កើតមាតិកា (Generative AI ឬ​ GenAI)​។ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ ជីថល​អាស៊ាន​លើកទី៤ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤​ ក.ប.ទ. និងក្រសួងទទួល​បន្ទុក​វិស័យ​ឌីជីថល​នៃ​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន បាន​ពិភាក្សា​និង​អនុម័តលើ​ឯកសារ​​ “មគ្គទេសក៍អាស៊ាន​ស្ដីពី​អភិបាលកិច្ច​និង​សីលធម៌​បញ្ញា​សិប្បនិម្មិត” ​ ​សម្រាប់​គ្រឹះស្ថាន​ក្នុង​តំបន់​អនុវត្ត​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុងការ​រចនា អភិវឌ្ឍ និង​ដាក់ឱ្យប្រើ​ប្រព័ន្ធ ​AI បែប​ប្រពៃណី​ប្រកបដោយការ​ទទួលខុសត្រូវ។ បន្ថែមលើ​នេះ ក្រសួងទទួល​បន្ទុក​វិស័យ​ឌីជីថល​នៃ​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន បាន​មូលមតិ​គ្នា​​បង្កើត ក្រុមការងារ​អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត ដើម្បី​សហការ​គ្នា​លើ​កិច្ចការ​​អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត​ក្នុងតំបន់ ហើយ​ថ្មីៗនេះ ក្រុមការងារបាន​ពិនិត្យ​ពិភាក្សា​​និង​​ឯកភាព​លើ​សេចក្ដីព្រាង​​ដំបូង​នៃ “មគ្គទេសក៍​បន្ថែម​របស់​អាស៊ាន​ស្ដីពី​អភិបាលកិច្ចនិង​សីលធម៌​បញ្ញាសិប្បនិម្មិត​សម្រាប់​បញ្ញាសិប្បនិម្មិត​បង្កើត​មាតិកា” (“មគ្គទេសក៍​បន្ថែម”) ដែល​ជា​ការ​បំពេញ​បន្ថែម​លើ​មគ្គទេសក៍​មុន ដើម្បី​ឆ្លើយតប​នឹងការ​រីកដុះដាល​​នៃ​ GenAI។

ការ​ពិគ្រោះយោបល់

ដើម្បីឱ្យ​សេចក្ដីព្រាង “មគ្គទេសក៍បន្ថែម” នេះ​កាន់តែល្អប្រសើរ​និង​គ្រប់ជ្រុងជ្រោយ ​ក្រសួង​ទទួល​​បន្ទុក​វិស័យ​ឌីជីថល​នៃ​បណ្ដា​រដ្ឋ​សមាជិក​អាស៊ានបានសម្រេច​ដាក់​សេចក្ដីព្រាង​ដំបូង​នៃ​ “មគ្គទេសក៍​បន្ថែម” នេះ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យឯកជន​តាម​ប្រទេស​រៀងៗ​ខ្លួន ដោយ​ត្រូវ​បូកសរុប​លទ្ធផល​និង​បញ្ជូន​ទៅ​អគ្គលេខាធិការដ្ឋាន​​អាស៊ាន​ត្រឹមថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៤។ ផ្អែក​តាម​អនុសាសន៍​នៃ​​គោលការណ៍ណែនាំ​រួម ការជ្រើសរើស​ដៃ​​គូ​ពិគ្រោះយោបល់​នេះ រួមមាន​៖

  • គ្រប់​សមាគម​​តំណាងអ្នក​តែង​និពន្ធ​និង​អ្នក​បោះពុម្ពផ្សាយ​
  • គ្រប់​សមាគម​តំណាង​​ក្រុមហ៊ុន​សន្តិសុខសាយប័រ
  • គ្រប់​សមាគម​តំណាងក្រុមហ៊ុន​អេឡិចត្រូនិក​និងក្រុមហ៊ុន​បច្ចេកវិទ្យា
  • គ្រប់​សមាគម​តំណាងក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ
  • គ្រប់​ក្រុមហ៊ុន​និង​អង្គការសមាគម​ដែល​អាច​មាន​យោបល់​
  • បុគ្គល​ផ្សេងទៀត តាម​ឆន្ទានុសិទ្ធិ​របស់រដ្ឋសមាជិក។

តាម​រយៈសេចក្ដីជូនដំណឹង​នេះ ក.ប.ទ. នឹង​បើក​ពិគ្រោះយោបល់លើ​សេចក្ដីព្រាង “មគ្គទេសក៍​បន្ថែម​​របស់​អាស៊ាន​ស្ដីពី​អភិបាលកិច្ចនិង​សីលធម៌​បញ្ញាសិប្បនិម្មិត សម្រាប់​បញ្ញាសិប្បនិម្មិត​បង្កើត​មាតិកា” ដោយ​​​អញ្ជើញ​ដៃគូ​ពិគ្រោះ​យោបល់​ដូចខាងលើ និង​​គ្រឹះស្ថាន អង្គការ ស្ថាប័ន ព្រមទាំង​រូបវន្តបុគ្គល​និង​នីតិបុគ្គល​ដែល​មាន​ចំណាប់​អារម្មណ៍​ទាំង​អស់ ទាំង​ក្នុង​វិស័យឯកជន វិស័យ​អប់រំស្រាវជ្រាវ និង​សង្គមស៊ីវិល ចុះឈ្មោះ​តាម​នីតិវិធី​ខាងក្រោម ដើម្បី​ទទួល​បាន​សេចក្ដីព្រាង​ “មគ្គទេសក៍​បន្ថែម” ​ដើម្បី​ពិនិត្យ​និង​ផ្ដល់​ធាតុចូល​។

នីតិវិធីចូលរួម​ពិគ្រោះយោបល់

  • ជំហានទី១៖ ចូលទៅកាន់ go.gov.kh/mptc/regcon-genai ដើម្បី​ចុះ​ឈ្មោះ​ពិគ្រោះយោបល់ ដោយ​បំពេញ​ឈ្មោះ​​គ្រឹះស្ថាន ឈ្មោះ​និង​តួនាទីសាមីខ្លួន អ៊ីមែល និង​មូលហេតុ​ដែល​មាន​ការ​ពាក់ព័ន្ធ។
  • ជំហានទី២៖ អ្នកពាក់ព័ន្ធ​​នឹង​ទទួល​បាន​សេចក្ដីព្រាង​​ដើម្បី​ពិនិត្យ​និង​ផ្ដល់​យោបល់ ព្រមទាំង​ទម្រង់​គំរូ​ដើម្បី​កត់ត្រា​​មតិយោបល់។
  • ជំហានទី៣៖ បញ្ជូន​មតិយោបល់​មក ក.ប.ទ. តាម​រយៈ go.gov.kh/mptc/subcon-genai​​ ឱ្យ​បាន​ត្រឹម​​ដំណាច់​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២៤។
  • ជំហានទី៤៖ កិច្ច​​ពិភាក្សា​ផ្ទាល់​ជា​ទម្រង់​សិក្ខាសាលា​នៅ​ ក.ប.ទ. នា​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៤ ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង ២ រសៀល ដល់ ៥ ល្ងាច នៅទីស្តីការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍

ជំហានបន្ទាប់

ក្រុមការងារ​ជំនាញ​របស់ ក.ប.ទ. នឹង​សំយោគ​មតិយោបល់ភាគីពាក់ព័ន្ធ និង​ផ្ញើ​ទៅកាន់​អគ្គលេខាធិការដ្ឋាន​អាស៊ាន។​ សេចក្ដីព្រាង “មគ្គទេសក៍​បន្ថែម” អាច​ត្រូវបាន​កែសម្រួល​ជាបន្តបន្ទាប់ តាម​ការពិភាក្សា​និង​ការ​ឯកភាព​របស់​ឧត្ដមន្ត្រីឌីជីថលអាស៊ាន​និង​ការ​សម្រេច​របស់​កិច្ចប្រជុំ​រដ្ឋមន្ត្រីឌីជីថល​អាស៊ាន។

កំណត់សម្គាល់

  • ខ្លឹមសារ​សេចក្ដីព្រាង​អាច​មាន​ការ​ប្រែប្រួល​ អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​ពិគ្រោះយោបល់​ដែល​កំពុង​អនុវត្ត​​ដំណាល​គ្នា​នៅ​បណ្ដារដ្ឋ​សមាជិក​​អាស៊ាន​។
  • ឯកសារ​សេចក្ដីព្រាង​នេះ ត្រូវ​ចាត់ទុក​ជា​ការ​សម្ងាត់។ អ្នក​ទទួល​បាន​ឯកសារ​មិនត្រូវ​ផ្សព្វផ្សាយបន្ត ចេញ​ពី​គ្រឹះស្ថាន​ខ្លួន ឬ​ប្រើប្រាស់ឯកសារ​នេះសម្រាប់​គោលដៅផ្សេង​ក្រៅពីការ​ពិគ្រោះយោបល់​នេះ​ជា​ដាច់ខាត។

អាស្រ័យហេតុនេះ​ សូមបុគ្គលពាក់ព័ន្ធ​និង​សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និង​ចូលរួម​ចុះឈ្មោះពិគ្រោះយោបល់​តាម​ការគួរ។

សម្រាប់​ព័ត៌មាន​បន្ថែម​៖

  • ai-governance@mptc.gov.kh
  • ទូរសព្ទ៖
  • +855 11 624 113 (តេឡេក្រាម)
  • +855 98 736 985​ (តេឡេក្រាម)