ផែនការមេបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍អាស៊ានឆ្នាំ២០១៥
សិក្ខាសាលាស្តីពីផែនការមេបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍អាស៊ានឆ្នាំ២០១៥ បានប្រារព្ធឡើងកាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ថ្លែងនៅក្នុងឱកាសបើកអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា កាលពីថ្ងៃទី១៤ និងទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងមកនេះ រដ្ឋមន្ត្រីទូរគមនាគមន៍និងព័ត៌មានវិទ្យាអាស៊ានបានជួបជុំគ្នាជាលើកទី១៣នៅប្រទេសសឹង្ហបុរី ដើម្បីពិនិត្យអំពីលទ្ធផលពាក់កណ្តាលអាណត្តិនៃការអនុវត្តន៍ផែនការមេបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ អាស៊ាន ឆ្នាំ២០។ ជាលទ្ធផល ក្នុងរយៈពេល៣ឆ្នាំនេះ គម្រោងចំនួន៦០ត្រូវបានស្នើដោយរដ្ឋជាសមាជិក។ វិធានការចំនួន៦២ភាគរយនៃផែនការមេត្រូវបានអនុវត្តនិងសម្រេចដោយរដ្ឋជាសមាជិក។ ឯកឧត្តមមានប្រសាសន៍ទៀតថា សិក្ខាសាលានាពេលនេះ មិនត្រឹមតែផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាអាចបូកសរុបការអនុវត្តន៍ការងារក្នុងពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឲ្យយើងអាចរិះរកដំណោះស្រាយក្នុងទិសដៅធានាការសម្រេចបានផែនការមេអាស៊ានឆ្នាំ២០១៥ ដូច្នេះក្នុងស្មារតីនៃផែនការមេនៅឆ្នាំ២០១៥នេះ ឯកឧត្តមសូមរំលេចនូវអាទិភាពមួយចំនួនសម្រាប់ការយកចិត្តទុកដាក់របស់យើងទាំងអស់គ្នា រួមមាន ការរក្សាសន្តិភាព និងសន្តិសុខតំបន់ គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់វិបុលភាពនិងកំណើននៅក្នុងអាស៊ានទាំងមូល។ ក្នុងចំណោមគម្រោងទាំង៦០ ដែលត្រូវបានសម្រេចកន្លងមកនៅក្នុងការអនុវត្តន៍ផែនការមេបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍អាស៊ាន កម្ពុជាពុំបានចូលរួមលើកនិងអនុវត្តគម្រោងណាមួយនោះទេ។ ពេលវេលានេះ គឺជាឱកាសដ៏សំខាន់មួយដែលគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នា និងលើកកម្ពស់នូវភាពម្ចាស់ការបន្ថែមទៀតក្នុងការកំណត់អត្តសញ្ញាណកម្ម និងការរៀបចំគម្រោងដើម្បីចូលរួមសម្រេចបាននូវវិធានការ និងគម្រោងដែលត្រូវបានដាក់ចេញក្នុងគោលដៅសម្រេចផែនការមេនេះ ជាមួយនិងរដ្ឋជាសមាជិកអាស៊ានដទៃទៀតនៅឆ្នាំ២០។ ការពង្រឹងសន្តិភាពនិងសន្តិសុខលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ព្រមទាំងការធានាការចូលរួមយ៉ាងពេញលេញរបស់កម្ពុជាក្នុងការអនុវត្តន៍ផែនការមេអាចឈានទៅរកភាពជោគជ័យបាន អាស្រ័យទៅលើកត្តាគន្លឹះសំខាន់មួយចំនួនទៀត គឺការអភិវឌ្ឍន៍ធនធានមនុស្ស និងអក្ខរកម្មបច្ចេកវិទ្យា ព្រមទាំងការកាត់បន្ថយគម្លាតបច្ចេកវិទ្យារវាងរដ្ឋជាសមាជិកអាស៊ាន។
នៅក្នុងឱកាសបិទអង្គសិក្ខាសាលា ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន, ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះ ការចូលរួមរបស់សមាជិកសមាជិការទាំងអស់ដែលបានផ្លាស់ប្តូរបទពិសោធន៍ការងារលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ដ៏មានសារសំខាន់នេះ។ ព្រមជាមួយគ្នានោះដែរឯកឧត្តមក៏បានអញ្ជើញសិក្ខាកាមទាំងអស់ចូលរួមក្នុងអង្គសិក្ខាសាលាថ្នាក់ជាតិស្តីពីបច្ចកវិទ្យាព័ត៌មាននិងគមនាគមន៍ជាថ្មីទៀត ចាប់ពីថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅទីកន្លែងដដែល។
ឯកឧត្តមរដ្ឋលេខាធិការជឿជាក់ថា ការចូលរួមរបស់សមាជិក សមាជិកាទាំងអស់ពិតជាមានសារសំខាន់ក្នុងការសម្រេចបាននូវផែនការមេអាយស៊ីធីរបស់យើង ដើម្បីឲ្យស្របគ្នានឹងផែនការមេរបស់អាស៊ាន៕