ពិធី​បិទវគ្គ​បណ្តុះបណ្តាល​ស្តីពី​កត្តា​ហានិភ័យ​នៃ​ការមិន​ពាក់មួក​សុវត្ថិភាព​និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង

បន្ទាប់ពី​បាន​ដំណើរការ​អស់​រយៈពេល​មួយថ្ងៃ​កន្លះ វគ្គ​បណ្តុះបណ្តាល​ស្តីពី​កត្តា​ហានិភ័យ​នៃ​ការមិន​ពាក់មួក​សុវត្ថិភាព​និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​បាន​ប្រារព្ធ​បិទ​នៅ​ព្រឹក​ថ្ងៃទី៣១ តុលា ឆ្នាំ២០១៣ ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋលេខាធិកា​រ​សារ៉ាក់ ខាន់ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

លោក ជួន ដា​រ៉ូ អនុប្រធាននាយកដ្ឋាន​បុគ្គលិក​និង​បណ្តុះបណ្តាល បានធ្វើ​របាយការណ៍​ស​ង្ខេ​ប​នៃ​វគ្គ​បណ្តុះបណ្តាល​ដែល​ផ្តោតជាសំខាន់​លើ​ប្រធានបទ​ចំនួន០៤រួចមក “កត្តា​ហានិភ័យ​នៃ​ការមិន​ពាក់មួក​សុវត្ថិភាព កត្តា​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥ​ទ្ធ​ពល​នៃ​គ្រឿង​ស្រវឹង​និង​បទបញ្ជាផ្ទៃក្នុង​ស្តីពី​ការពាក់​មួកសុវត្ថិភាព និង​ការមិន​បើកបរ​ក្រោម​ឥ​ទ្ធ​ពល​នៃ​គ្រឿង​ស្រវឹង។

លើសពីនេះ សិក្ខាកាម​ទាំងអស់​បានរួម​ជា​ក្រុម​ដើម្បី​ពិភាក្សា​និង​ធ្វើ​បទ​បង្ហាញ​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​ការការពារ​សុ​វត្ថ​ភាព ការពាក់​មួកសុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ ការមិន​បើកបរ​នៅពេល​ស្រវឹង និង​ការយល់ដឹង​ពី​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក  ព្រមទាំង​មាន​ឆន្ទៈ​ពេល​ត្រឡប់​ទៅវិញ នឹង​ផ្សព្វផ្សាយ​បន្ត​ដល់​អ្នក​រួម​ការងារ​នៅតាម​អង្គភាពនីមួយៗនិង​ដល់​ក្រុមគ្រួសារ​របស់ខ្លួន​ផងដែរ។

លោកជំទាវ ដាំ ដា​រ៉ានី រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​បាន​សម្តែង​ជំនឿ​យ៉ាង​មុតមាំ​ថា តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើងទាំងអស់គ្នា គឺ​ពិតជា​អាច​ចូលរួម​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​ការបាត់បង់​កម្លាំង​ពលកម្ម និង​កាត់បន្ថយ​អត្រា​មរណភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

លោកជំទាវ មានប្រសាសន៍​ទៀតថា ការបំពាន​នូវ​ច្បាប់​ចរាចរណ៍ មានន័យថា ជាការ​បំផ្លិចបំផ្លាញ​ខ្លួនឯង ការមិន​ពាក់មួក​សុវត្ថិភាព ជាការ​បំផ្លាញ​នូវ​ក្តីសង្ឃឹម​ខ្លួនឯង និង​ការសម្រេចចិត្ត​បើកបរ​នៅក្រោម​ឥ​ទ្ធ​ពល​នៃ​គ្រឿង​ស្រវឹង​ក៏​ជាការ​បំផ្លាញ​នូវ​ក្តីសង្ឃឹម​របស់ខ្លួន​ឯង​ផងដែរ។

ឯកឧត្តម​សារ៉ាក់ ខាន់ មានប្រសាសន៍ថា តាម​លទ្ធផល​ក្នុង​របាយការណ៍​វគ្គ​បណ្តុះបណ្តាល​ឃើញថា សិក្ខាកាម​មានការ​យល់​ដឹង​ច្បាស់​ពី​ហានិភ័យ​នៃ​ការមិន​ពាក់មួក​សុវត្ថិភាព និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ព្រមទាំង​បាន​យល់ដឹង​ច្បាស់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បទបញ្ជាផ្ទៃក្នុង​ស្តីពី​ការពាក់​មួកសុវត្ថិភាព និង​ការមិន​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង។

ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក៏បាន​សង្ឃឹមថា សិក្ខាកាម​ទាំងអស់​នឹង​ប្តេជ្ញា​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យកចំណេះ​ដឹង​ដែល​បាន​រៀនសូត្រ​នេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្ត​ភ័ក្តិ ក្រុមគ្រួសារ តាម​អង្គភាពនីមួយៗ នៅ​នៅក្នុង​សង្គម​ទាំងមូល សម្តៅ​រួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល, គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​អង្គការ​ពាក់ព័ន្ធ​ដទៃទៀត​ក្នុងការ​ទប់ស្កាត់ កាត់បន្ថយ​អត្រា​មរណភាព​ជាតិ និង​រងរបួស​ដោយសា​រ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា និង​ឈានទៅ​សម្រេច​ឲ្យ​បាន​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា “ថ្ងៃនេះ​ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក​ចរាចរណ៍”៕

អត្ថបទជាប់ទាក់ទង