ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន ត្រឡប់​ពី​ចូលរួម​កិច្ចប្រជុំ ASEAN TELMIN-14 និង​…

        ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន​លើក​ទី១៤ (TELMIN-14) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ក្រោម​ប្រធានបទ “ការ​ប្រែក្លាយ​អាស៊ាន​ឆ្ពោះទៅកាន់​សហគមន៍​វៃឆ្លាត” ពីថ្ងៃ​ទី២២ ដល់​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ នាទី​ក្រុង​បាងកក      ព្រះរាជាណាចក្រ​ថៃ។
 កិច្ចប្រជុំ​នេះ ត្រូវបាន​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព ឯកឧត្តម ប្រា​យុទ្ធ ច័ន្ទ​អូ​ចារ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ។
កិច្ចប្រជុំ​រយៈពេល ២ ថ្ងៃ ទទួលបាន​នូវ​លទ្ធផល​សម្រេច​លើ​ចំណុចសំខាន់ៗ ដូចតទៅ៖

១.ឯកភាព​លើ​ចំណុច​គោល​ជា​យុទ្ធសាស្ត្រ​សម្រាប់​ដាក់បញ្ចូល​ក្នុង​ផែនការមេ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​អាស៊ាន​ក្រោយ​ឆ្នាំ២០១៥ ដែល​គ្របដណ្តប់​លើ ចំណុចសំខាន់ៗ ដូចជា ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​ប្រែក្លាយ, ការធ្វើសមាហរណកម្ម​ប្រជាជន​តាមរយៈ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន, នវានុវត្តន៍, ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន, ការអភិវឌ្ឍ​ធនធានមនុស្ស, បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នៅក្នុង​ទីផ្សារ​រួម​របស់​អាស៊ាន, មាតិកា និង​ការផ្សព្វផ្សាយ​ថ្មី, និង​សន្តិសុខ​ព័ត៌មាន និង​ការធានារ៉ាប់រង។

២.អះអាង​ជាថ្មី​អំពី​សារៈសំខាន់​នៃ​ការកសាង​ទំនុក​ចិ​ត្ដ​និង​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក្នុងចំណោម​ប្រជាពលរដ្ឋ​អាស៊ាន អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​សាធារណៈ និង​ឯកជន តាមរយៈ​ការអភិវឌ្ឍ​សមត្ថភាព​សា្ថ​ប័ន និង​ធនធានមនុស្ស ក្នុង​វិស័យ​សន្ដិសុខ​ព័ត៌មាន និង​បណ្តាញ, និង​យុទ្ធនាការ​លើកកម្ពស់​កា​រ​យល់ដឹង​សន្តិសុខ​ព័ត៌មាន ជាដើម។ អង្គប្រជុំ​ក៏បាន​ស្វាគមន៍​ប្រទេស​វៀតណាម​ជា​ប្រធាន​ប្តូរ​វេណ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរ​គម​នា​គន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន​លើក​ទី១៥ នៅ​ទីក្រុង​ដា​ណាំង ប្រទេស​វៀតណាម​ផងដែរ។

៣.អនុម័ត​សេចក្តីថ្លែងការណ៍​ទីក្រុង​បាងកក ស្តីពី “ការ​ប្រែក្លាយ​អាស៊ាន៖ ឆ្ពោះទៅកាន់​សហគមន៍​វៃឆ្លាត” ដើម្បី​បញ្ជាក់​សារជាថ្មី​ឡើងវិញ អំពី​ការសន្យា​របស់​អាស៊ាន​ក​ក្នុងការ​ជម្រុញ​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដើម្បី​ជា​មធ្យោបាយ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច។ ក្នុង​ស្មារតី​នេះ រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ទាំងឡាយ​ដែល​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​បច្ចេកវិទ្យា​ទូ​គមនាគមន៍ និង​ព័ត៌មាន ជាអាទិ៍៖ ការប្រើប្រាស់​អស់​លទ្ធភាព​នៃ​រលកអាកាស​វិទ្យុ​ដែលជា​ធនធាន​មានកំណត់, ពង្រឹង​កិច្ចការពារ​ខ្សែ​កា​ប្លិ៍​ក្រោម​បាតសមុទ្រ​សំដៅ​ធានាបាន​នូវ​បណ្តាញ​ទំនាក់ទំនង​ក្នុង​តំបន់​អាស៊ាន, ជំរុញ និង​សហការគ្នា​ដើម្បី​សុ​ខុ​ដុម​នីយកម្ម​ក្នុងការ​ប្រើប្រាស់​ឡើងវិញ​នូវ​ហ្វ្រេ​កង់​ស៍​ដែល​ទទួលបាន​ពី​ការប្តូរ​ប្រព័ន្ធ​សោតទស្សន៍​ពី Analogue ទៅ Digital ដូចជា​ផែនការ​ហ្វ្រេ​កង់​សិ៍ 700MHz សម្រាប់​ទូរគមនាគមន៍​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​វិសាល​គម​ន៍​ហ្វ្រេ​កង់​ស៍​សម្រាប់​ការការពារ​និង​ទំនាក់ទំនង​សាធារណៈ​ក្នុងការ​ផ្តល់ជំនួយ​សង្គ្រោះ​ក្នុងពេល​មាន​គ្រោះមហន្តរាយ, ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ធ្វើការ​សិក្សា​លទ្ធភាព​ប្រើ​ហ្វ្រេ​កង់​ស៍​កម្រិត 800MHz, 900MHz និង1800 MHz សម្រាប់​អ៊ី​ន​ធឺ​ណែ​ត​ឥត​ខ្សែ​ស្របតាម​និន្នាការ​ពិភពលោក។

ចំពោះ​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន​ជាមួយ​ដៃគូ​សន្ទនា រួមមាន ចិន, ជប៉ុន, កូរ៉េខាងត្បូង, និង​សហភាព​ទូរគមនាគមន៍​អន្តរជាតិ គឺ​ទទួលបាន​នូវ​លទ្ធផល​ជា​វិជ្ជមាន​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។
ក្រៅពី​កិច្ចប្រជុំពេញអង្គ​ដូច​បានលើកឡើង​ខាងដើម ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម Francois Rancy ប្រធាន​ផ្នែក​រលក​វិទ្យុ​នៃ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ និង​ឯកឧត្តម Choi Yanghee រដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន និង​ការរៀបចំ​ផែនការ​អនាគត នៃ​សាធារណរដ្ឋ   កូរ៉េ។ ជា​លទ្ធផល សហភាព​ទូរគមនាគមន៍​អន្តរជាតិ ក៏ដូចជា សាធារណៈរដ្ឋ​កូរ៉េ បាន​ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​ជាមួយគ្នា​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ប្រកបដោយ​ផ្លែ​ការ​ថែមទៀត។ ក្នុងនោះ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ ក៏ដូចជា សាធារណៈរដ្ឋ​កូរ៉េ បាន​សន្យាថា នឹង​បន្ត​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស ពិសេស​ពង្រឹងសមត្ថភាព​ដល់​មន្ត្រីរាជការ​កម្ពុ​ជា​លើ​វិស័យ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន និង​ផ្តល់ជំនួយ​បច្ចេកទេស​សំរាប់​ការកសាង​ច្បាប់ និង​ក្របខណ្ឌ​គតិយុត្តិ ដើម្បី​គ្រប់គ្រង​វិស័យ។ កម្ពុជា​ក៏បាន​ស្វាគមន៍ និង​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​កូរ៉េ​ក្នុង​ការលើក​កំរិត​សហប្រតិបត្តិការ​ខាង​វិស័យ ICTឲ្យ​ដល់​ថ្នាក់​រាជរដ្ឋាភិបាល។

អម​ជាមួយនឹង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​អាស៊ាន​លើក​ទី១៤ ក៏មាន​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​បច្ចេកវិទ្យា​គ​មនាគ​មន៍ និង​ព័ត៌មាន​អាស៊ាន​លើក​ទី៣ ជូន​ចំពោះ​ម្ចាស់​ជ័យលាភី​ក្នុង​វិញ្ញាសារ​ប្រកួតប្រជែង​ចំនួន ៦ រួមមាន វិស័យ​សាធារណៈ, វិស័យ​ឯកជន, មាតិកា​ឌីជីថល, ការរួមចំណែក​ទទួល​ខុសត្រូវ​ក្នុងសង្គម, ការបង្កើត​ធុរកិច្ច, និង​ការស្រាវជ្រាវ និង​អភិវឌ្ឍ។ សំរាប់​កម្ពុជា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​សហការ​ជាមួយនឹង​សហព័ន្ធ ICT កម្ពុជា ជ្រើសរើស​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​ធុរកិច្ច និង វិនិយោគ លើ​វិស័យ ICT នៅ​កម្ពុជា​ចូលរួម​ប្រកួតប្រជែង។ ជា​លទ្ធផល ក្រុមហ៊ុន “អស្ចារ្យ Studio” បានទទួល​នូវ​ជ័យលាភី​ពានរង្វាន់​មេដាយមាស ក្នុង​វិញ្ញាសារ​ទី៥ គឺ​ការបង្កើត​ធុរកិច្ច​ថ្មី លើ​ផលិតផល​ហ្គេម​សម្រាប់​លេង​លើ​ស្មា​ត​ហ្វូ​ន​គ្រប់​ប្រភេទ។ នេះ​គឺជា​លើកដំបូង​បង្អស់​ដែល​កម្ពុជា​បាន​ចូលរួម​ប្រកួត ហើយ​ដណ្តើមបាន​ជ័យលាភី​ថ្នាក់​លេខ១ លើ​វិស័យ ICT ថ្នាក់​តំបន់។
 

ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញវិញនៅវេលាម៉ោង ៧ និង ៣០ នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ដោយមានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍