ពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៥ និងគម្រប់ខួប ១៥០ ឆ្នាំរបស់សហភាពទូរគមនាគមន៍អន្តរជាតិ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៥

នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ នៅសណ្ឋាគាសូហ្វីតែលភ្នំពេញ មានប្រារព្វពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា ឆ្នាំ២០១៥ និងពិធីគំរប់ខួប ១៥០ ឆ្នាំ របស់សហភាពទូរគមនាគមន៍អន្តរជាតិ(ITU) ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួថងប្រៃណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត/រដ្ឋទូត នៃបណ្ដាប្រទេសសមាជិកអាស៊ានប្រចាំកម្ពុជា តំណាងប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុន ICT ​និស្សិតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT) និងអស់លោក លោកស្រីជាច្រើនរូបទៀត។

ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ពិធីដ៏អធឹកអធមនាពេលនេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យនវានុវត្តន៍នៃឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) តាមរយៈការកសាងនូវបរិយាកាសដែលផ្តល់នូវកាលានុវត្តភាពដ៏ប្រសើរបំផុត និងស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប និងអាជីវកម្មគ្រប់ប្រភេទ ឲ្យអាចចូលរួមយ៉ាងពេញលេញនៅក្នុងសេដ្ឋកិច្ចឌីជីថល(digital economy)។

កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៥ គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជា​ការប្រកួតប្រជែងថ្នាក់ជាតិដែលផ្តោតសំខាន់ទៅលើផលិតផល សេវាកម្ម ដែលត្រូវបានអភិវឌ្ឍឡើងដោយប្រតិបត្តិករទូរគមនាគមន៍ និងក្រុមហ៊ុន ICT នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជ័យលាភីលើកទឹកចិត្តនឹងត្រូវបានប្រគល់ជូនទៅក្រុមហ៊ុនដែលសម្រេចបាននូវសមិទ្ធផលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដ៏ល្អបំផុត។

ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា យើងសង្ឃឹមថា ពានរង្វាន់នេះនឹងចូលរួមលើកកំពស់​សមត្ថភាព​ក្រុមហ៊ុន ICT នៅកម្ពុជាឲ្យកើនឡើងមួយកំរិតទៀត និងអាចអនុញ្ញាតឲ្យពួកគេឈរនៅជួរមុខ ឬនៅកណ្តាលក្នុងការប្រកួតប្រជែងថ្នាក់តំបន់ និងអន្តរជាតិ ដូចជា កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ាន(ASEAN ICT Awards) និងកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ី‑ប៉ាស៊ីហ្វិក(Asia-Pacific ICT Awards)ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមក៏សង្ឃឹមជឿជាក់ថា កម្មវិធីនាពេលនេះ នឹងក្លាយជា​វេទិកាសម្រាប់តួអង្គពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានទាំង បានជួបប្រាស្រ័យទាក់ទង ផ្លាស់ប្តូរគំនិតគ្នា និងកសាងនូវបណ្តាញមិត្តភាពមួយដែលនាំមកនូវអត្ថប្រយោជន៍ដ៏ឧត្តុង្គឧត្តមបំផុតសំរាប់កម្ពុជា។

ចំពោះខួបគំរប់ ១៥០ របស់ ITU ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ក្នុងរយៈពេល ១៥០ ឆ្នាំកន្លងទៅនេះ ITU បានដើរតួនាទីជាមជ្ឈមណ្ឌលនៃភាពជឿនលឿនឈានមុខក្នុងវិស័យទូរគមនាគមន៍។ ដើមឡើយយើងបានស្គាល់សារទូរលេខ និងទូរស័ព្ទ បន្ទាប់មកវិទ្យុ និងទូរទស្សន៍ បន្ទាប់មកទៀតគឺការទាក់ទងតាមប្រព័ន្ធផ្កាយរណប និងអ៊ីនធឺណិត ដែលនាំឆ្ពោះទៅកាន់សករាជថ្មីនៃការទាក់ទងគ្នាក្នុងអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ។ បច្ចុប្បន្ន ITU មានសមាជិកចំនួន ១៩៣ ប្រទេស និងស្ថាប័នឯកជនចំនួន ប្រហែល ៧០០។ ដោយឡែកកម្ពុជាបានក្លាយជាសមាជិករបស់ ITU តាំងពីឆ្នាំ១៩៥២។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលនូវជំនួយផ្នែកបច្ចេកទេសពី ITU រួមមាន៖ ការកសាងក្របខណ្ឌគោលនយោបាយ និងបទដ្ឋានគតិយុត្តិសម្រាប់វិស័យទូរគមនាគមន៍, USO, ការគ្រប់គ្រងវិសាលគមន៍គមនាគមន៍, អ៊ីនធឺណិតល្បឿនលឿន, ការផ្តល់អាជ្ញាបណ្ណ និងការហ្វឹកហ្វឺននានាជាច្រើនទៀត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសូមជម្រុញលើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់ឲ្យចូលរួមគាំទ្ររាល់សកម្មភាពរបស់ ITU ទាំងថ្នាក់តំបន់ និងពិភពលោក។

នៅទីបញ្ចប់ ឯកឧត្តម សូមថ្លែងអំណរគុណចំពោះសហការី និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែករៀបចំពិធីនាពេលនេះ ឲ្យប្រព្រឹត្តិទៅដោយជោគជ័យ​ជាទីមោទនៈយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំងអស់ នៃកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៥នេះ។

(ខ្លឹមសារទាំងស្រុងនៃសុន្ទរកថាឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន)

បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានអញ្ជើញជាកិត្តិយសប្រគល់ពានរង្វាន់ក្នុងប្រភេទវិញ្ញាសារទាំង ០៦ ផ្សេងគ្នា រួមមាន ១.វិញ្ញាសារសេវាសាធារណៈ, ២.វិញ្ញាសារសេវាឯកជន, ៣.ទំនួនខុសត្រូវសង្គម, ៤.មាតិការឌីជីតល, ៥.ការបង្កើតធុរៈកិច្ច, និង ៦.ការស្រាវជ្រាវ និងអភិរឌ្ឍន៍ ជូនដល់ម្ចាស់ជ័យលាភីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១៥ ​ដូចខាងក្រោម៖

១.ប្រភេទវិញ្ញាសារសេវាសាធារណៈ បានទៅលើអ្នកដំណើរការប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម
២.ប្រភេទវិញ្ញាសារសេវាឯកជន បានទៅលើ CAMEMIS ជាប្រព័ន្ធគ្រប់គ្រងការអប់រំ មកពីក្រុមហ៊ុន CamFirst Technologies Co., LTD.
៣.ប្រភេទវិញ្ញាសារទំនួនខុសត្រូវសង្គម  បានទៅលើបណ្ណាល័យកម្មវិធីទូរស័ព្ទកកម្ពុជា មកពី International NGO Aide et Action Cambodia
៤.ប្រភេទវិញ្ញាសារមាតិការឌីជីតល បានទៅលើ Chibi, កម្មវិធីកម្សាន្តមកពី Chibi
៥.ប្រភេទវិញ្ញាសារការបង្កើតធុរៈកិច្ច Smart Keyboard មកពី  ALiEN DEV
៦.ប្រភេទវិញ្ញាសារការស្រាវជ្រាវ និងអភិរឌ្ឍន៍ បានទៅលើ AE & C ផលិតផលផ្ទះឆ្លាតវៃមកពីកម្ពុជាអង្គរវិស្វកម្ម និងពិគ្រោះយោបល់។

ម្ចាស់ជ័យលាភីមេដាយមាស ទទួលបានប្រាក់រង្វាន់ចំនួន២០០០ដុល្លារ, ​មេដាយប្រាក់ទទួលបានប្រាក់រង្វាន់ចំនួន១០០០ដុល្លារ, និងមេដាយសំរិទ្ធទទួលបានប្រាក់រង្វាន់ចំនួន៦០០ដុល្លារ៕
 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍