ឯកឧត្ដម ត្រាំ អីុវតឹក  អញ្ជើញជាអធិបតីបើក​សន្និបាត​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៦​ ​និង​លើក​ទិសដៅ​ការ​ងារ​ឆ្នាំ​២០១៧​ របស់​ក្រសួង​ប្រៃ​សណីយ៍​ ​និង​ទូរគមនាគមន៍​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៦​ និង​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០១៧​ របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​ មន្រ្​តីរាជ​ការ​ និ​យោ​ជិត​ ព្រម​ទាំង​វត្តមាន​របស់​ ឯក​ឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ តំណាង​ក្រសួង​-ស្ថាប័ន​ តំណាង​ប្រតិបត្តិក​រ​ ភ្ញៀវ​កិត្តិយស​ជាតិ​-អន្តរជាតិ​ សរុប​ប្រមាណ​ ៦០០​នាក់។​

ថ្លែង​ក្នុង​ពិធី​បើក​អង្គសន្និបាត ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា​​ក្រសួង​តែង​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រ​ចាំ​ឆ្នាំ​ ដោយ​បាន​ប្រើ​ប្រាស់​ពេល​វេលា​នេះ​ធ្វើ​​ជា​​វេទិកា​​នៃ​​ការ​​ជួប​​ជុំ​​គ្នា​​ ដើម្បី​​ធ្វើ​ការ​បូក​សរុប​ ត្រួត​ពិនិត្យ​-វាយ​តម្លៃ​ចំពោះ​លទ្ធផល​ការងារ​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​កន្លង​ទៅ​ និង​ពិគ្រោះ​ពិភាក្សា​គ្នា​លើក​ជា​គំនិត​ ព្រម​ទាំង​មាន​វិធាន​ការ​រក​ដំណោះ​ស្រាយ​ ដើម្បី​កំណត់​ឲ្យ​បាន​នូវ​ទិសដៅ​ ​គោលដៅ​ការងារ​សំខាន់ៗ​សម្រាប់​អនុវត្តបន្ត និង​ដំណើរ​ឆ្ពោះ​ទៅ​មុខ​របស់​ក្រសួង​ពិសេស​ក្នុង​បរិបទ​នៃ​ការ​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​នៃ​​វិស័យ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (ICT)​។

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាច​ក្រ​កម្ពុជា​ រាជ​រដ្ឋា​ភិបាល​នីតិ​កាល​ទី​៥​ នៃ​រដ្ឋ​សភា​ បាន​ដាក់​ចេញ​នូវ​កម្ម​វិធី​គោល​នយោបាយ​ក្នុង​ការ​បន្ត​ដឹក​នាំ​កសាង​ប្រទេស​ជាតិ​លើ​មាគ៌ា​នៃ​ការ​អភិវឌ្ឍន៍​ដោយ​បន្តជំរុញ​ការ​អនុវត្ត​កំណែ​ទម្រង់​លើ​គ្រប់​វិស័យ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ និង​គ្រប់​ជ្រុង​ជ្រោយ​។ បន្​តជំរុញ​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ឲ្យ​មាន​លក្ខណៈ​ទំនើប​ ប្រកប​ដោយ​គុណភាព​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ មាន​តម្លៃ​ប្រកួត​ប្រជែង​ និង​មាន​សេវា​គ្រប​ដណ្តប់​នៅ​ទូទាំង​ប្រទេស​ដែល​ប្រជាជន​ទូ​ទៅ​អាច​ប្រើ​ប្រាស់​បាន​ និង​ទទួល​បាន​ផល​ប្រយោជន៍​គ្រប់​ៗ​គ្នា​ពី​វិស័យ​នេះ​។

ទន្ទឹម​នឹង​លទ្ធផលការងារសំខាន់ៗដែលក្រសួងសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មានដូចជា ការ​ពង្រឹង​ការ​គ្រប់​គ្រង​របស់​ក្រសួង​ ការ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​ធន​ធានមនុស្ស​ ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដ​ល់​ដំណើរ​ការ​ការ​ងារ​របស់​មន្រ្តីរាជការ​ និយោជិត​ និង​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​ជា​លំដាប់​នៃ​វិស័យ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ (ICT)​ ក្រសួង​នៅ​មាន​កិច្ចការ​ចាំ​បាច់​ដែល​ត្រូវ​បន្ត​ដោះ​ស្រាយ​ ហើយ​ដែល​អាច​លើក​យក​មក​ពិភាក្សា​មាន​ដូច​​ជាៈ
១. បន្តជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយប្រសិទ្ធិភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាង​ឆាប់​រហ័ស​នៃ​បច្ចេក​វិទ្យា​
២. ការស្វែងរកប្រភពថវិកា និងបច្ចេកទេសទ្រទ្រង់ដល់ការបណ្តុះបណ្តាលធនធានមនុស្ស​រ​​បស់​វិទ្យាស្ថាន​ជាតិ​របស់​ក្រសួង​
៣. បន្តការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធវិស័យទាំងបី
៤. បន្តពង្រឹងយន្តការសម្របសម្រួល និងកិច្ចសហការរវាងប្រតិបត្តិករនិងប្រតិបត្តិករ និងបណ្តាស្ថាប័នពាក់ព័ន្ធ
៥. បន្តយន្តការគ្រប់គ្រងអង្គភាព ប្រកបដោយប្រសិទ្ធភាព តាមរចនាសម្ព័ន្ធដែលបានកែសម្រួល
៦. បន្តលើកកំពស់គុណភាពសេវា និងប្រសិទ្ធិភាពនៃបណ្តាញប្រៃសណីយ៍ ការពង្រឹងសមត្ថភាពក្នុងការ​អនុវត្ត និង​គ្រប់​គ្រង​សេវា​សកល​
៧. បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់ និង​ស្ថាប័ន​អន្តរជាតិ​

មុន​​នឹង​​ប្រកាស​បើកកម្មវិធី​សន្និបាត​ ឯកឧត្ដម​រដ្ឋ​មន្ត្រី​ បាន​ថ្លែង​អំណរ​គុណ​ និងការកោតសរសើរដោយស្មោះ​ចំពោះ​មន្រ្តី​រាជ​ការ​ និយោជិក​ របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ អំណត់​ព្យាយាម​ បំពេញ​ភារកិច្ច​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ សម្រេច​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា​គួរ​ជា​ទី​មោទនៈ​ និង​ថ្លែង​អំណរ​គុណ​ចំពោះ​ភ្ញៀវកិត្តិយស​ ប្រតិបត្តិករ​ជា​ដៃ​គូ​ទាំង​អស់​ដែល​បាន​រួម​សហការ​យ៉ាង​ជិត​ស្និត​ជា​មួយ​ក្រសួង​នាពេល​កន្ល​ង​មក​៕

 

អត្ថបទជាប់ទាក់ទង