ឯកឧត្តម ត្រាំ អីុតឹក អញ្ជើញ​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​ និង​ទិស​ដៅ​ឆ្នាំ​២០១៧​ របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​ និង​ទិសដៅ​ការងា​រ​ឆ្នាំ​២០១៧​ របស់​ក្រសួង​ប្រៃ​សណីយ៍​ និង​​ទូរគមនាគមន៍​។

ថ្លែងក្នុងពិធីបិទអង្គសន្និបាតនេះ ឯកឧត្ដម​រដ្ឋមន្ត្រី បានមានប្រសាសន៍ថា អង្គសន្និបាតនាថ្ងៃនេះបានប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម​ បាន​ផ្លាស់​ប្តូរ​យោបល់​ បទ​ពិសោធន៍​ និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ក្នុ​ង​នោះ​ក្រសួង​បាន​សម្រេច​នូវ​លទ្ធផល​ការ​ងារ​សំខាន់​ៗ​ក្នុង​ឆ្នាំ​២០១៦​ និង​បាន​លើក​ទិសដៅ​កំណត់​អាទិភាព​ យុទ្ធ​សាស្ត្រ​សម្រាប់​ធានា​ការ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (ICT)​ ឱ្យ​រីក​ចំរើន​ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៧​ និងបណ្តា​ឆ្នាំ​ខាង​មុខ​។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក​ ​លោក​ស្រី​​ជា​ថ្នាក់​ដឹក​នាំ​អង្គភាព​ និង​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ គ្រប់​ខេត្ត ក្រុង​ ព្រម​ទាំង​មន្ត្រី​រាជ​ការ​ និយោជិត​ទាំង​អស់​របស់​ក្រសួង​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ រួម​គ្នា​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​ជួយ​ជំរុញ​ឱ្យ​ក្រសួង​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់​ៗ​ជា​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​។

នៅ​ចុង​បញ្ចប់​នៃ​កម្ម​វិធី​ ឯកឧត្ដម​រដ្ឋមន្ត្រី​ បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយ​យស​ជូន​ថ្នាក់​ដឹក​នាំ​ មន្រ្តី​រាជ​ការ​ ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​បំពេញ​ភារ​កិច្ច​ជូន​ក្រសួង​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ នា​ពេល​កន្ល​ង​មក៕​

 

អត្ថបទជាប់ទាក់ទង