ឯកឧត្តម ត្រាំ អីុតឹក អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ថ្លែងក្នុងពិធីបិទអង្គសន្និបាតនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា អង្គសន្និបាតនាថ្ងៃនេះបានប្រព្រឹត្តទៅយ៉ាងសកម្ម បានផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងទទួលបានលទ្ធផលល្អប្រសើរ ក្នុងនោះក្រសួងបានសម្រេចនូវលទ្ធផលការងារសំខាន់ៗក្នុងឆ្នាំ២០១៦ និងបានលើកទិសដៅកំណត់អាទិភាព យុទ្ធសាស្ត្រសម្រាប់ធានាការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ឱ្យរីកចំរើនថែមទៀតនៅក្នុងឆ្នាំ២០១៧ និងបណ្តាឆ្នាំខាងមុខ។
ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាព និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រប់ខេត្ត ក្រុង ព្រមទាំងមន្ត្រីរាជការ និយោជិតទាំងអស់របស់ក្រសួងដែលបានខិតខំប្រឹងប្រែង រួមគ្នាក្នុងការបំពេញតួនាទីភារកិច្ចជួយជំរុញឱ្យក្រសួងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ផងដែរ។
នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ ដែលបានចូលរួមចំណែកយ៉ាងសកម្មបំពេញភារកិច្ចជូនក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក៕