កិច្ចប្រជុំពិភាក្សាអំពីការងារបច្ចេកទេសដើម្បីជំរុញការធ្វើទំនើបកម្មការចុះឈ្មោះ គេហទំព័រ .kh និងការគ្រប់គ្រងអាសយដ្ឋានអេឡិកត្រូនិក និងប្រព័ន្ធលេខស្វ័យប្រវត្តិកម្ម

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងារបច្ចេកទេសដើម្បីជំរុញការធ្វើទំនើបកម្មការចុះឈ្មោះគេហទំព័រ .kh និងការគ្រប់គ្រងអាសយដ្ឋានអេឡិកត្រូនិក និងប្រព័ន្ធលេខស្វ័យប្រវត្តិកម្ម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះចំនួនអាសយដ្ឋានអេឡិកត្រូនិកគេហទំព័រ .KH មានចំនួនប្រមាណ ៣,៤៦១ ត្រឹមដំណាច់ឆ្នាំ២០១៩ ឃើញថាចំនួននេះតិចនៅឡើយបើធៀបនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងតម្រូវការប្រើប្រាស់ធនធានអ៊ិនធឺណិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា អាស្រ័យ ដោយការចុះឈ្មោះគេហទំព័រ .kh នាពេលបច្ចុប្បន្ននេះគឺការចុះឈ្មោះនៅប្រើរយៈពេលវែងនៅមិនទាន់បានធ្វើទំនើបកម្មនៅឡើយ ហើយតាមរយៈសេចក្តីណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្តីពីការស្នើសុំលិខិតអនុញ្ញាតចុះឈ្មោះគេហទំព័រ .kh គឺមានរយៈពេល១០ថ្ងៃ នៃថ្ងៃធ្វើការសម្រាប់ការពិនិត្យ វាយតម្លៃ និងសម្រេចលើពាក្យស្នើសុំលិខិតអនុញ្ញត បន្ទាប់ពីអ្នកស្នើសុំបានបំពេញពាក្យស្នើសុំត្រឹមត្រូវ និងផ្តល់ឯកសារគ្រប់គ្រាន់។ ដូចនេះ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ប្រព័ន្ធឌីជីថល និងការប្រើប្រាស់ធនធានអ៊ិនធឺណិតឱ្យបានទូលំទូលាយ ក្រសួងជំរុញឱ្យធ្វើទំនើបកម្មការចុះឈ្មោះ គេហទំព័រ .kh ដែលអាចឱ្យអតិថិជនធ្វើការចុះឈ្មោះគេហទំព័រតាមប្រព័ន្ធអនឡាញ (Online) និងសម្រួលនីតិវិធីតម្រូវការលើឯកសារផ្សេងៗ ដើម្បីឱ្យការចុះឈ្មោះបានលឿន និងឆាប់រហ័សសម្រាប់អតិថិជន ដោយចុះឈ្មោះភ្លាមទទួលបានភ្លាម។

ដើម្បីជំរុញការធ្វើទំនើបកម្មការចុះឈ្មោះគេហទំព័រ .kh និងការគ្រប់គ្រងអាសយដ្ឋានអេឡិកត្រូនិក និងប្រព័ន្ធលេខស្វ័យប្រវត្តិកម្មឱ្យបានប្រសិទ្ធភាព ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា យើងត្រូវបន្តសិក្សាស្រាវជ្រាវរាល់បញ្ហាពាក់ព័ន្ធនឹងការធ្វើទំនើបកម្មការចុះឈ្មោះគេហទំព័រ .kh និងការគ្រប់គ្រងអាសយដ្ឋានអេឡិកត្រូនិក (Country Code Top Level Domain-ccTLD) ឱ្យបានឆាប់រហ័ស និងបន្តការសិក្សាជាមួយនៅក្នុងប្រទេស ក្នុងតំបន់ និងសកលលោក ក្នុងនោះមានមជ្ឈមណ្ឌលបណ្តាញព័ត៌មានអាស៊ីប៉ាស៊ីហ្វិក (APNIC) និងសាជីវកម្មគ្រប់គ្រងអាសយដ្ឋានឈ្មោះនិងលេខអ៊ិនធឺណិត (ICANN) ជាដើម ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងអាសយដ្ឋានអ៊ិនធឺណិត (IP Address) និងប្រព័ន្ធលេខស្វ័យប្រវត្តិកម្ម (Autonomous System Number-ASN)។

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ