ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជាឆ្នាំ២០២១

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន កម្ពុជាឆ្នាំ២០២១ (Cambodia ICT Awards 2021)ដោយមានការអញ្ជីញចូលរួម តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំពាក់ព័ន្ធក្រោមឱវាទក្រសួង CADT គ្រឹះស្ថានសិក្សា ធុរជន និងអ្នកបច្ចេកវិទ្យាជាច្រើនរូប។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពានរង្វាន់ ICT កម្ពុជា គឺជាគំរូ នៃភាពជោគជ័យ របស់សហគ្រិនបច្ចេកវិទ្យា និងធុរកិច្ចថ្មីឌីជីថលរបស់យើង ក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងជំរុញឱ្យធុរកិច្ចថ្មីឌីជីថលកម្ពុជាក្នុងការពង្រីកខ្លួនទៅក្នុងឆាកតំបន់ និងឆាកអន្តរជាតិផងដែរ។ នៅក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្ហាញពីភាពសំខាន់មិនអាចខ្វះបាននៃការដោះស្រាយវិបត្តិចំពោះមុខតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ICT។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់នឹងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដល់ប្រជាជនបានល្អប្រសើរ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមជាមួយរាជរដ្ឋាភិបាល និង ក្រសួងស្ថាប័នពាក់ពាក់ ដើម្បីដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នូវប្រព័ន្ធគ្រប់គ្រង ទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ ទិន្នន័យអ្នកចាក់វ៉ាក់សាំង និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងឌីជីថល សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសផងដែរ។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីវឌ្ឍនភាពនៃការបង្កើនសមត្ថភាព និងវិសាល ភាពនៃ CADT ដោយពង្រីកការស្រាវជ្រាវ អភិវឌ្ឍ និងនវានុវត្តន៍ ដើម្បីជួយគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។ CADT ផ្តល់ទីកន្លែងធ្វើការរួមដោយឥតគិតថ្លៃ ដើម្បីផ្តល់បរិយាកាសការងារដល់ធុរកិច្ចបច្ចេកវិទ្យាថ្មី និស្សិត និងអ្នកស្រាវជ្រាវអាចជួបជុំពិភាក្សា និងអភិវឌ្ឍ គំនិតច្នៃប្រឌិត និងបង្កើតថ្មី ព្រមទាំងគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ភាគីទាំងអស់ ដែលខិតខំប្រឹងសហការយ៉ាងជិតស្និទ្ធក្នុងការជួយជ្រោមជ្រែងឱ្យសម្រេចបានជោគជ័យក្នុងការរៀបចំកម្មវិធីនេះដូចជា ថ្នាក់ដឹកនាំក្រសួង, CADT, ចៅក្រម, ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Huawei Technologies (Cambodia) និងភាគីពាក់ព័ន្ធជាច្រើនទៀត។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរ និងប្រគល់ជូនពានរង្វាន់ និងលិខិតសរសើរជូនដល់ក្រុមហ៊ុន និងស្ថាប័ន ចំនួន ៦ ដូចខាងក្រោម៖- ពានរង្វាន់សេវារដ្ឋាបាលឌីជីថលល្អបំផុតប្រចាំឆ្នាំ២០២១ ត្រូវបានផ្តល់ជូន “QR Code Stop Covid” នៃអនុគណៈកម្មាធិការ សម្រាប់ការ ឆ្លើយតបរហ័ស និងការស៊ើបអង្កេត ទៅលើបុគ្គលដែលមាន កូវីដ១៩។

– ពានរង្វាន់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ២០២១ ត្រូវបានផ្តល់ជូន “PillTech Ordering Platform & PillTech Pharmacy Point of Sale” របស់ក្រុមហ៊ុន PillTech Solutions Co., Ltd។
– ពានរង្វាន់បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ២០២១ ត្រូវបានផ្តល់ជូន “កម្មវិធី MoEYS” របស់ក្រុមហ៊ុន EZE Innovation Tech Co., Ltd។
– ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ២០២១ ត្រូវបានផ្តល់ជូន “Emergency Low-Cost Ventilator” របស់ក្រុមហ៊ុន ArrowDot Co., Ltd។
– ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ២០២១ ត្រូវបានផ្តល់ជូន “Sastra Film App”។
– ពានរង្វាន់ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ២០២១ ត្រូវបានផ្តល់ជូន “VET Food and Fruit Crisis Response” របស់ក្រុមហ៊ុន Vireak Buntham Express Co., Ltd។
ជ័យលាភីទាំង ៦ នេះ ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យ ជាង ២០០ ស្ថាប័ន ដោយគណៈកម្មការជំនាញ មកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងគ្រឹះស្ថានសិក្សា ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង ៤ ចំណុចគឺការច្នៃប្រឌិតបច្ចេកវិទ្យា ការដោះស្រាយបញ្ហា ប្រសិទ្ធភាពនៃប្រតិបត្តិការ និងយុទ្ធសាស្ត្រទីផ្សារ។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”