សន្តិសុខឌីជីថលផ្ទាល់ខ្លួន (កម្រិតបឋម)

តើសន្តិសុខឌីជីថលផ្ទាល់ខ្លួនគឺជាអ្វី?

នៅក្នុងបរិបទដែលជំរុញដោយបច្ចេកវិទ្យាកាន់តែខ្លាំង រាល់ឧបករណ៍ គណនី ដែលប្រើប្រាស់ជាប្រចាំថ្ងៃអាចរងគ្រោះទៅនឹងការគំរាមកំហែងតាមអ៊ីនធឺណិត។ ឧបករណ៍ឌីជីថលអាច​រួមមាន កុំព្យូទ័រ ទូរសព្ទ ថេប្លេត និងឧបករណ៍ឌីជីថលផ្សេងទៀតដែលភ្ជាប់អ៊ីនធឺណិត អ្នកអាចប្រើប្រាស់គណនីអនឡាញសម្រាប់ អ៊ីមែល  ធនាគារការទិញទំនិញ បណ្តាញទំនាក់ទំនងសង្គម ហ្គេម និងផ្សេងៗទៀត។ អត្ថបទសន្តិសុខឌីជីថលផ្ទាល់ខ្លួនគឺជាការណែនាំអំពីជំហានដែលអ្នកត្រូវអនុវត្តតាមដើម្បីការពារគណនី និងឧបករណ៍ឌីជីថលរបស់អ្នកពីការគំរាមកំហែងតាមអ៊ីនធឺណិត។

តើការគំរាមកំហែងតាមអ៊ីនធឺណិតគឺជាអ្វី?

ការគំរាមកំហែងតាមអ៊ីនធឺណិតចម្បង ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃមានពីរប្រភេទគឺ ការបោកប្រាស់ និងមេរោគ(Malware)។ មេរោគ គឺជាពាក្យមួយដែលពិពណ៌នាអំពីកម្មវិធីព្យាបាទ និងត្រូវបានរចនាឡើងដើម្បីបង្កការខូចខាត ដែលត្រូវបានគេស្គាល់ដូចជា Virus, Worm, Spyware, Trojans និង មេរោគចាប់ជំរិត(Ransomware)។ ឧក្រិដ្ឋជនសាយប័រ ឬចោរបច្ចេកវិទ្យា ប្រើមេរោគដើម្បីលួចព័ត៌មាន និងលុយរបស់អ្នក ហើយគ្រប់គ្រងឧបករណ៍ឌីជីថល និងគណនីរបស់អ្នក។ សារបោកប្រាស់គឺជាសារដែលផ្ញើដោយឧក្រិដ្ឋជនសាយប័រ
ឬចោរបច្ចេកវិទ្យា ហើយត្រូវបានរៀបចំឡើងដើម្បីឱ្យជនរងគ្រោះផ្តល់នូវព័ត៌មានសម្ងាត់ ឬក៏ធ្វើសកម្មភាពចម្លង និងដំណើរការមេរោគនៅលើឧបករណ៍ឌីជីថលរបស់អ្នក។ ការវាយប្រហារដោយ ឧក្រិដ្ឋជនសាយប័រ ឬចោរបច្ចេកវិទ្យា អាចប៉ះពាល់ដល់ទិន្នន័យ និងហិរញ្ញវត្ថុរបស់ជនរងគ្រោះ ហើយការវាយប្រហារកំពុងតែមានការកើនឡើង និងមានបច្ចេកទេសកាន់តែស្មុគស្មាញ។

តើការណែនាំក្នុងអត្ថបទនេះអាចជួយការពារខ្ញុំពីការគំរាមកំហែងតាមអ៊ីនធឺណិតដោយរបៀបណា?

អត្ថបទសន្តិសុខឌីជីថលផ្ទាល់ខ្លួន៖ កម្រិតបឋម ជាកាណែនាំអ្នកទៅកាន់ចំនុចចាប់ផ្តើមដំបូងដែលមានចំនួនបីកម្រិត ដែលកម្រិតនីមួយៗត្រូវបានរចនាឡើងដើម្បីជួយឱ្យអ្នក យល់អំពីមូលដ្ឋានគ្រឹះសន្តិសុខតាមអ៊ីនធឺណិត និងវិធានដើម្បីការពារខ្លួនពីការគំរាមកំហែងសាយប័រទូទៅ។ ប្រសិនបើអ្នកកំពុងសិក្សាអំពីសន្តិសុខតាមអ៊ីនធឺណិតជាលើកដំបូង ឬតាមឱ្យទាន់ការយល់ដឹងអំពីហានិភ័យឌីជីថលនិងការការពារខ្លួន ស៊េរីនៃអត្ថបទសន្តិសុខឌីជីថលផ្ទាល់ខ្លួន(កម្រិតបឋម)នេះគឺជាចំណុចចាប់ផ្តើមដ៏ល្អ។

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ ស្ថិតក្រោមនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាននៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានភារកិច្ចក្នុងការផ្សព្វផ្សាយការបញ្ជ្រាបការយល់ដឹងស្តីពីសន្តិសុខឌីជីថល និងជួយផ្តល់ការណែនាំ អំពីលក្ខណៈបច្ចេកទេសទូទៅសន្តិសុខឌីជីថលទូទៅដើម្បីការពារខ្លួនពីការគំរាមកំហែងតាមអ៊ីនធឺណិត។

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • 💳 តើគួរការពារបណ្ណឥណទានរបស់អ្នកតាមប្រព័ន្ធអុីនធឺណិតដោយរបៀបណា?

  • ប្លុកឆេន (Blockchain)