ក្រសួង សហការជាមួយក្រុមហ៊ុន Meta រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “តម្លាភាពនៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោត”

រាជធានីភ្នំពេញ : នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Meta រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “តម្លាភាពនៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោត” ក្រោមអធិបតីភាព ឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកបណ្ឌិត​ ហេង​ ភក្ដី​ អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន​ Meta និងមានការចូលរួមពីសមាជិកខុទ្ទកាល័យនិងជំនួយការថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្សព្វផ្សាយគន្លឹះ និងចំណេះដឹងបន្ថែមលើការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម Facebook និង Instagram ជាពិសេសលើគោលការណ៍ផ្សាយពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន Meta ក្នុងការផ្តល់ព័ត៌មាន និងការទំនាក់ទំនងជាមួយពលរដ្ឋ ក៏ដូចជារបៀបរបបនៃការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោតតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមទាំងពីរ ដែលតម្រូវឱ្យមានការចុះឈ្មោះនិងបញ្ជាក់អត្តសញ្ញាណរបស់ស្ថាប័ន ឫបុគ្គលជាមុនផងដែរ។

ឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកចូលរួមទាំងអស់គ្នា ក្នុងនាមជាតំណាងក្រសួង-ស្ថាប័នដែលត្រូវទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដោយសីលធម៌ តម្លាភាព និងសុចរិតភាព ដើម្បីធ្វើឱ្យសេវាសាធារណៈប្រសើរឡើង ជាពិសេសនៅក្នុងកាលៈទេសៈដែលយើងត្រូវផ្សព្វផ្សាយប្រធានបទ ទាក់ទងនឹង នយោបាយ និងសង្គម។

វគ្គបណ្តុះបណ្តាលខាងលើនេះបានផ្តោតសំខាន់ទៅលើចំនុចមួយចំនួនមានដូចជា ១/ការប្រើប្រាស់ Facebook និង Instagram ប្រកបដោយប្រសិទ្ធភាពដើម្បីទំនាក់ទំនងជាមួយពលរដ្ឋ ២/ ទិដ្ឋភាពទូទៅនៃការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងសារនយោបាយនិងការបោះឆ្នោត និង ៣/ឧបករណ៍តម្លាភាពនៃការផ្សាយពាណិជ្ជកម្ម និងដំណើរការស្នើសុំការអនុញ្ញតការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងសារនយោបាយ និងការបោះឆ្នោត។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”