ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងឯកឧត្តមឯកអគ្គរដ្ឋទូត PARK Jung-Wook អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យរបស់អង្គការយូណេស្កូ
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យ (Data Science) របស់អង្គការយូណេស្កូ (University Twinning and Networking-UNITWIN) និងពិធីចុះអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យ Handong Global សាធារណរដ្ឋកូរ៉េ និងគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជាចំនួន៦ រួមមានសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាជាតិគ្រប់គ្រង សាកលវិទ្យាបញ្ញាសាស្ត្រ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាព្រមទាំងការអញ្ជើញចូលរួមពី លោកជំទាវអគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងភាពជាដៃគូដ៏ល្អរវាងកម្ពុជា កូរ៉េ និងអង្គការយូណេស្កូ ជាពិសេសទៅលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ថ្មីៗនេះ ក្រសួងបានចាប់ផ្តើមការប្រកួតថ្នាក់ជាតិមួយដែលមានឈ្មោះថា “កម្មវិធីបញ្ញវន្តឌីជីថល Digital Talents” ដើម្បីលើកកម្ពស់ចំណាប់អារម្មណ៍លើជំនាញឌីជីថល ជាពិសេសក្នុងចំណោមសិស្សវិទ្យាល័យនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីរួមចំណែកបន្ថែមទៀតដល់ការកសាងធនធានមនុស្សឌីជីថលរបស់ប្រទេស ក្រសួងគ្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ ទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍជំនាញនិងការបង្កើនសមត្ថភាពផ្នែកឌីជីថលដល់អ្នកពាក់ព័ន្ធ ជាអាទិ៍ សិស្សានុសិស្ស មន្ត្រីមូលដ្ឋាន ពលករជំនាញ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលដល់ប្រជាជនតាមសហគមន៍មូលដ្ឋាន។
ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា កម្មវិធីវិញ្ញាបនបត្រនឹងផ្តល់ឱ្យយុវជនកម្ពុជាកាន់តែច្រើនឡើងទទួលនូវចំណេះដឹងដ៏ទំនើបនេះ។ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឃឹមថាកម្មវិធីនេះនឹងជំរុញកិច្ចសហប្រតិបត្តិការ ការផ្សារភ្ជាប់វប្បធម៌បន្តរវាងនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវរបស់គ្រឹះស្ថានសិក្សាដៃគូទាំងអស់ ដើម្បីអាចទាញយកអត្ថប្រយោជន៍ជាអតិបរមានៃវិទ្យាសាស្ត្រទិន្នន័យសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។