សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណបនិងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់និស្សិតទាំងអស់ ជ្រាបថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាងនិងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ ជំនាញផ្កាយរណបនិងលំហអាកាស នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២៥ នាក់ ដើម្បីទៅសិក្សានៅសាកលវិទ្យាល័យដៃគូមួយចំនួននៅប្រទេសបារាំង ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា ដែលមានអត្ថប្រយោជន៍ និងលក្ខខណ្ឌដូចខាងក្រោម៖

១. អត្ថប្រយោជន៍នៃការសិក្សា

និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖

– ការរ៉ាប់រងថ្លៃសិក្សា ១០០%

– ថ្លៃសំបុត្រយន្ដហោះទៅមក

– ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ថ្លៃស្នាក់នៅ និងហូបចុក

– ថ្លៃធានារ៉ាប់រងសុខភាព

– អាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅ ក.ប.ទ. ឬនៅតាមបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យានានា ក្រោយពេលបញ្ចប់ការសិក្សា

– អត្ថប្រយោជន៍ផ្សេងៗទៀត។

២. លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

– មានសញ្ជាតិខ្មែរ

– ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជំនាញមេកានិក អេឡិចត្រូនិក ទូរគមនាគមន៍ វិស្វកម្មសុសវែ ឬសញ្ញាបត្រសមមូល

– ត្រូវមានចំណេះដឹងភាសាអង់គ្លេស IELTS ចាប់ពី ៥.៥ ឡើងទៅ

– ត្រូវមានព្រឹត្តិបត្រពិន្ទុថតចម្លង (Transcripts)

– ត្រូវមានជីវប្រវត្តិរូបសង្ខេប

– ត្រូវមានសុខភាពល្អ។

៣. កាលបរិច្ឆេទ និងការទទួលពាក្យប្រឡង

– បេក្ខជន និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ សូមបំពេញបែបបទពាក្យស្នើសុំតាមរយៈ QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ https://www.cadt.edu.kh/satellite ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី

– ការប្រឡងប្រជែងនឹងធ្វើឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) តាមរយៈប្រព័ន្ធកុំព្យូទ័រដែលផ្តោតលើវិញ្ញាសា គណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និង ភាសាអង់គ្លេស

– បេក្ខជន និងបេក្ខនារី ដែលជាប់ក្នុងវគ្គជម្រុះ (Shortlist) នឹងត្រូវសម្ភាសជាមួយនឹងគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

– សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្រ្តីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអ៊ីមែល gs@cadt.edu.kh នៅរៀងរាល់ម៉ោងធ្វើការ។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមនិស្សិតទាំងអស់ជ្រាបជាព័ត៌មាន។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia