រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបណ្តុះបណ្តាល Techpreneur រដូវកាលទី២ ដែលសហការរៀបចំដោយ DICHI Academy និង ELIX Organization និងមានការអញ្ជើញចូលរួមពីតំណាងដៃគូពីស្ថាប័នសាធារណៈ ក្រុមហ៊ុន តំណាងសាកលវិទ្យាល័យ និងសិស្សនិស្សិត ប្រមាណ ១៦០នាក់ នៅទីស្តីការ ក.ប.ទ.។









កម្មវិធី Techpreneur គឺជាកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យានិងសហគ្រិនភាពរយៈពេល ៧ខែ ដែលផ្តោតសំខាន់លើជំនាញអភិវឌ្ឍកម្មវិធី (Full Stack Development) ព្រមទាំងបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ (AI & Data Science) ដើម្បីអភិវឌ្ឍសមត្ថភាពរបស់សិស្សនិស្សិតក្នុងការស្វែងរកដំណោះស្រាយឌីជីថលថ្មីៗ និងជំរុញនវានុវត្តន៍ឌីជីថល ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងរបស់ក្រុមហ៊ុនដៃគូ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្សឌីជីថលនៅកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចបាននូវបរិវត្តកម្មឌីជីថល និងពលរដ្ឋឌីជីថល។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កម្មវិធីនេះបានដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ព្រមទាំងជំរុញពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

