ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសិស្សានុសិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីគាំទ្រដល់ដំណើរការកសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ក៏ដូចជាបំពេញបន្ថែមលើការអនុវត្ត “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ក.ប.ទ. បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)” ដែលជាកម្មវិធីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (ជំនួយហិរញ្ញវត្ថុ មិនមែនជាអាហារូបករណ៍)។ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ ក.ប.ទ. នឹងវាយតម្លៃជ្រើសរើសបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ឌ. ចំនួន ៧ ដែលមានជំនាញ លក្ខខណ្ឌ និងអត្ថប្រយោជន៍ដូចខាងក្រោម៖
ក. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (Cambodia Academy of Digital Technology)
‐ វិស្វកម្មសុសវែរ (Software Engineering)
‐ វិទ្យាសាស្ត្រទិន្នន័យ (Data Science)
‐ ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)
‐ វិស្វកម្មទូរគមនាគមន៍និងបណ្ដាញ (បញ្ចូលមុខវិជ្ជា ផ្កាយរណប) (Telecommunications and Networking Engineering [Including Satellite])
‐ សន្តិសុខសាយប័រ (Cybersecurity)
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute Technology of Cambodia)
– វិស្វកម្មអវកាស និងប្រព័ន្ធស្វ័យប្រវត្តិ (Aerospace and Autonomous Systems Engineering)
– វិស្វកម្មសុសវែរ (Software Engineering)
– វិស្វកម្មបញ្ញាសប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh)
– វិស្វកម្មទូរគមនាគមន៍ និងផ្កាយរណប (Telecommunications and Satellite Engineering)
– វិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ (Data Science and Engineering)
សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management)
‐ សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (Digital Economy)
‐ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology)
‐ សហគ្រិនភាពសកលនិងនវានុវត្តន៍ (Global Entrepreneurship and Innovation)
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh)
‐ ការគ្រប់គ្រងព័ត៌មានវិទ្យា / វិទ្យាសាស្ត្រកុំព្យូទ័រ IT Management / Computer Science)
‐ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology)
‐ សន្តិសុខសាយប័រ (Cybersecurity)
‐ បញ្ញាសិប្បនិម្មិត (Artificial Intelligence)
‐ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)
‐ ការអភិវឌ្ឍសុសវែរ (Software Development)
‐ ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems)
‐ ការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម (Interactive App Design and Development)
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University)
‐ វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
‐ គ្រប់គ្រងប្រព័ន្ធព័ត៌មាន (Management of Information Systems)
‐ រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ (Digital Arts and Design)
សាកលវិទ្យាល័យកម្ពុជា (University of Cambodia)
– ព័ត៌មានវិទ្យា (Information Technology)។
***សូមបញ្ជាក់ថា គ្រប់ជំនាញខាងលើនេះ គឺត្រូវសិក្សាជាភាសាអង់គ្លេស។
ខ. អត្ថប្រយោជន៍
បេក្ខជនជ័យលាភីនៃ ក.អ.ជ.ឌ. នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖
‐ ថវិកាបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ ដោយមិនគិតការប្រាក់ (មិនមែនជាអាហារូបករណ៍)
‐ ថវិកាសម្រាប់ទិញកុំព្យូទ័រយួរដៃ ១ គ្រឿង (ប្រសិនបើមានតម្រូវការ)
‐ ថវិកាសម្រាប់បង់ថ្លៃជួលកន្លែងស្នាក់នៅ (ប្រសិនបើមានតម្រូវការ)
‐ ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព
‐ ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈនិងឯកជន
‐ អត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានតាមរយៈគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។
គ. លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជនត្រូវគោរពតាមលក្ខខណ្ឌ ដូចខាងក្រោម៖
‐ មានសញ្ជាតិខ្មែរ
‐ ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ មាននិទ្ទេសរួម A B ឬ C
‐ ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្ដមសិក្សាដៃគូទាំង ៧
‐ ឆ្លងកាត់ការវាយតម្លៃ (ជាការសម្ភាសន៍ ឬការធ្វើតេស្តសមត្ថភាព) ដោយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ.
‐ ចុះកិច្ចសន្យាជាមួយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ. បន្ទាប់ពីត្រូវបានជ្រើសរើស
‐ សិស្សដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។
ឃ. សំណុំលិខិតចុះឈ្មោះស្នើសុំ
បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ (Online Application) ដោយត្រូវស្កេនភ្ជាប់ឯកសារយោងរួមមាន៖
‐ រូបថតទំហំ 4×6
‐ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ
‐ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត។
ង. កាលបរិច្ឆេទ និងការទទួលពាក្យ
‐ បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dsdp-registration ឬអាចស្កេន QR Code ដូចមានភ្ជាប់ជូនខាងក្រោម
‐ កាលបរិច្ឆេទទទួលពាក្យគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ១២៣។
អាស្រ័យហេតុនេះ សូម សិស្សានុសិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
#dsdp#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia





