រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកនូវវឌ្ឍនភាពការងារ នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និងការងារដែលក្រសួងសម្រេចបានកន្លងមក ជូនគណៈគ្រប់គ្រង និងនិស្សិតជំនាញព័ត៌មានវិទ្យា សរុបប្រមាណ ៨០រូប មកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ នៅទីស្តីការ ក.ប.ទ.។









ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូននិស្សិតទាំងអស់អំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាននាពេលកន្លងមក រួមមាន ការកែទម្រង់ផ្ទៃក្នុងក្រសួងនិងការកៀរគរចំណូលថវិកាជាតិ ការពង្រឹងការងារនិយ័តកម្ម ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការកសាងធនធានមនុស្ស ការគាំទ្រដល់ការបណ្តុះធុរកិច្ចថ្មីឌីជីថល ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល ជាពិសេស ការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលទេីបតែឈ្នះពានរង្វាន់នៅអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ និងការអភិវឌ្ឍកម្មវិធី DG SuperApp ព្រមទាំងសមិទ្ធផលថ្មីដែលក្រសួងសម្រេចបានផងដែរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ក៏បានលេីកទឹកចិត្តឱ្យប្អូនៗនិស្សិតប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សា និងកំណត់គោលដៅច្បាស់លាស់ក្នុងជីវិត ដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
#posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia

