ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ស៊ីអាន៖ តបតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ហាក់ សុខហេង រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទអ៊ីនធឺណិតពិភពលោក (World Internet Conference) កាលពីថ្ងៃទី២១-២២ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងស៊ីអាន ប្រទេសចិន។ សនិ្នសីទនេះ រៀបចំឡើងដើម្បីពិភាក្សា ជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍផ្លូវសូត្រឌីជីថល ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងតំណាងជាអនុរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំមកពីប្រមាណ ៥០ប្រទេសនិងតំបន់ អង្គការអន្តរជាតិ វិស័យឯកជន និងអ្នកស្រាវជ្រាវ សរុបប្រមាណ ៨០០នាក់។

ក្នុងឱកាសនៃសន្និសីទនេះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំកម្រិតរដ្ឋមន្រ្តី និងបានថ្លែងសុន្ទរកថាក្នុងវេទិកាស្តីពីនវានុវត្តន៍និងការអភិវឌ្ឍរួមគ្នានូវបញ្ញាសិប្បនិម្មិតបែបភ្នាក់ងារ (Agentic AI) ដោយផ្តោតលើសមិទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលមាន ក.ប.ទ. ជាសេនាធិការ លើការងារបញ្ញាសិប្បនិម្មិត រួមមានការពង្រឹងធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការជំរុញការចាប់យកនិងការប្រើប្រាស់ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអភិបាលកិច្ច ជាពិសេសប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតបែបភ្នាក់ងារ។ យុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិតនឹងដើរតួនាទីជាមគ្គុទ្ទេសក៍យ៉ាងសំខាន់ក្នុងការចាប់យក ការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត រួមទាំងបញ្ញាសិប្បនិម្មិតបែបភ្នាក់ងារផងដែរ។

#WorldInternetConference#WIC2026#AgenticAI#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia