ខេត្តតាកែវ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. តំណាងក្រសួងអប់រំ យុវជន និងកីឡា នាយកវិទ្យាល័យ ប្រធាន ម.ប.ស. ព្រមទាំងអង្គភាពពាក់ព័ន្ធសរុបប្រមាណ ១៨០នាក់ នៅសាលប្រជុំសាលាខេត្តតាកែវ ហើយពិធីបើកបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ១) ពិនិត្យអំពីគំរូប្រតិបត្តិការនិងការគ្រប់គ្រងដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងការរៀបចំដំណោះស្រាយសមស្រប ដើម្បីធានាភាពម្ចាស់ការលើប្រតិបត្តិការប្រចាំថ្ងៃ និងនិរន្តរភាពនៃប្រតិបត្តិការរបស់មជ្ឈមណ្ឌល ២) ការចែករំលែកឧត្តមានុវត្តន៍ (Best Practices) ការលើកកម្ពស់គុណវុឌ្ឍនៃការគ្រប់គ្រងសាលារៀន ការចែករំលែកបទពិសោធជោគជ័យ និងយុទ្ធសាស្រ្តគន្លឹះក្នុងការដឹកនាំនិងគ្រប់គ្រងសាលារៀន ឱ្យស្របតាមបរិបទការអប់រំសតវត្សទី២១ និងការអប់រំឌីជីថល និង ៣) ការជំរុញការរៀបចំផែនការពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ ម.ប.ស. ជាប្រយោជន៍យូរអង្វែងដល់សិស្ស និងសហគមន៍មូលដ្ឋាន។









ជាមួយគ្នានេះ ក៏មានការនិមន្តរបស់សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ដើម្បីសម្តែងធម្មទេសនាអំពី “បរិស្ថាន និងការអប់រំ” អំពី ១) ការបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតលើការបណ្តុះចរិយាសម្បត្តិ វិន័យសណ្តាប់ធ្នាប់ សីលធម៌ និងលើការថែរក្សាបរិស្ថានផ្តើមចេញពីសាលារៀន ២) ទំនាក់ទំនងបរិស្ថានជាមួយគុណភាពអប់រំ សុខុមាលភាព និងអាកប្បកិរិយារបស់សិស្ស និង ៣) យុទ្ធសាស្ត្រសំខាន់ៗក្នុងការកៀរគរសិស្ស និងសហគមន៍ ចូលរួមរៀបចំសម្អាតបរិស្ថាន និងថែរក្សាសមិទ្ធផលក្នុងសាលារៀន។
ជាលទ្ធផល ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពគ្នាលើស្មារតី «រួមគ្នាគិត រួមគ្នាដោះស្រាយ ដើម្បីធានានិរន្តរភាព» ដោយជំរុញឱ្យវិទ្យាល័យពង្រឹងភាពម្ចាស់ការ និងបញ្ចូលសកម្មភាព ម.ប.ស. ទៅក្នុងផែនការសកម្មភាពរបស់សាលា ដើម្បីបន្តបណ្តុះបណ្តាលធនធានមនុស្សឌីជីថលជំនាន់ក្រោយ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

