ឯកឧត្តមអនុរដ្ឋលេខាធិការ ម៉ៅ សិលា បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកអំពីវឌ្ឍនភាពការងារ នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ជូនគណៈគ្រប់គ្រង និងនិស្សិតជំនាញព័ត៌មានវិទ្យា មកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកនូវវឌ្ឍនភាពការងារ នៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និងការងារដែលក្រសួងសម្រេចបានកន្លងមក ជូនគណៈគ្រប់គ្រង និងនិស្សិតជំនាញព័ត៌មានវិទ្យា សរុបប្រមាណ ៨០រូប មកពីវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ នៅទីស្តីការ ក.ប.ទ.។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូននិស្សិតទាំងអស់អំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាននាពេលកន្លងមក រួមមាន ការកែទម្រង់ផ្ទៃក្នុងក្រសួងនិងការកៀរគរចំណូលថវិកាជាតិ ការពង្រឹងការងារនិយ័តកម្ម​ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍​ ការកសាងធនធានមនុស្ស ការគាំទ្រដល់ការបណ្តុះធុរកិច្ចថ្មីឌីជីថល ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល ជាពិសេស ការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលទេីបតែឈ្នះពានរង្វាន់នៅអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ​ និងការអភិវឌ្ឍកម្មវិធី DG SuperApp ព្រមទាំងសមិទ្ធផលថ្មីដែលក្រសួងសម្រេចបានផងដែរ។ ទន្ទឹមនឹងនេះ​ដែរ​ ឯកឧត្តម​ ក៏បានលេីកទឹកចិត្តឱ្យប្អូនៗនិស្សិតប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សា​ និងកំណត់គោលដៅច្បាស់លាស់​ក្នុងជីវិត​ ដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

#posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia